លទ្ធផលនៃការស្រាវជ្រាវករណីនាំចូលកាកសំណល់ប្លាស្ទីក និងវិធានការដាក់បន្ទុកចំពោះក្រុមហ៊ុនដែលប្រព្រឹត្តបទល្មើស


កាកសំណល់ប្លាស្ទីកចំនួន ៨៣ កុងតេន័រ ទម្ងន់ ១៥៩២ តោន ត្រូវបាននាំមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយមានក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯ.ក “CHUNGYUEN PLASTIC MANUFACTURE CO., LTD” ជាអ្នកទទួលទំនិញ ។ ក្រុមហ៊ុននេះមានប្រធានជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ MOC-450671 ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

-ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា ។ តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់ ១៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតេន័រចំនួន ១៣​ (មានទម្ងន់ ២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា ។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី (២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម (៣ ជើង)​ ។

– តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងឡើយ ។

​យោងតាមលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា (ច្បាប់ស្ដីពីគយ, ច្បាប់ស្ដីពីកិច្ច
ការពារបរិស្ថាន និងការគ្រប់គ្រងធម្មជាតិ, អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្ដីពីការគ្រប់គ្រងសំណល់
រឹង និងអនុក្រឹត្យលេខ ២០៩ អនក្រ.បក ស្ដីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ
ជាប់កម្រិតកំណត់) និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កាកសំណល់ប្លាស្ទីក គឺជាទំនិញហាមឃាត់នាំចូលមកព្រះរាជាណាចក្រកម្ពុជា ។ ករណីក្រុមហ៊ុន ជុងយៀន ប្លាស្ទីក បន្លំនាំចូលកាកសំណល់ប្លាស្ទីកមកកម្ពុជា គឺជាបទល្មើសផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តខាងលើ ។ យោងតាមបញ្ញត្តិស្ដីពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាននិងស្របតាមអនុសញ្ញាបាសែលស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់កាកសំណល់គ្រោះថ្នាក់ឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការដាក់បន្ទុកចំពោះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTDដូចខាងក្រោម ៖

​១. ត្រូវនាំចេញទំនិញកាកសំណល់ប្លាស្ទីកទាំង ៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ

​២.ត្រូវរងពិន័យរដ្ឋបាលជាប្រាក់ ១,០៣៧,៥០០,០០០.០០ (មួយពាន់សាមសិបប្រាំពីរ
លានហាសិបម៉ឺន)​ រៀល ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិ

​៣.ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ត្រូវអនុវត្តចំណុចទី ១
​និងចំណុចទី២ ខាងលើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត ។

​ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្តនូវចំណុចទាំង ៣ ខាងលើ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន