ក្នុងឆមាសទី១ឆ្នាំ២០១៩អាជ្ញាធរជាតិអប្សរាចុះដកហូតនិងកាត់ក្រីដើមឈើជាង២០០ដើម


ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះដកហូត កាត់ក្រីមែកឈើក្នុងរមណីយដ្ឋានអង្គរសរុបមានចំនួនជាង២០០ដើម។ យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលចាប់ពីខែមករា ដល់ថ្ងៃមិថុនា ក្រុមការងារបានចុះកាប់ដកហូតដើមឈើដែលមានហានិភ័យ និងដើមឈើរលំដួលបានចំនួន ១៤៦ដើម និងកាត់ក្រីមែកឈើងាប់និងរស់បានចំនួន៥៦ដើម។

ការងារទាំងនេះគឺធ្វើតាមតំបន់ប្រាសាទ ក្នុងភូមិ សាលារៀន និងតាមតំបន់ផ្សេងៗដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន កសិន្ធុអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទបាយ័ ប្រាសាទបាភួន ខ្លោងទ្វារដីឆ្នាំង ខ្លោងទ្វារទន្លេអុំ ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង កំពែងអង្គរធំ និងកំពែងប្រាសាទអង្គរវត្តជាដើម។ល។

គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ៕