សាខាកក្រកខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនទៅចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខដល់កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១២ នាក់


សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៧:១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ។ ស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលមានកម្មករក្នុងរថយន្តសរុបចំនួន ៣២ នាក់ របួស ៣០ នាក់ (ស្លាប់ចំនួន ០២ នាក់) ។
រសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មា​ធិការ​​​​​សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនទៅចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខដល់កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១២ នាក់ និងនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ១៨ នាក់ សរុប ៣០ នាក់ ចំណែកអ្នកស្លាប់ ក្រុមការងារបានាំយក​បច្ច័យទេយ្យទានទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនៅឃុំ​គគីសោម ស្រុកស្វាយទាប ។
ក្នុងឱកាសសួរសុខទុក្ខឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភដល់អ្នករងរបួសថវិកាសាខា ក្នុងម្នាក់ ១០០,០០០ រៀល អ្នកស្លាប់ចំនួន ២ នាក់ ក្នុងម្នាក់ អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ ឈុត និងបច្ច័យចូលបុណ្យ ១០០,០០០ រៀល ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភដល់អ្នកស្លាប់ និងរបួស តាមរយៈសាខាថវិកាសរុប ៥,១០០,០០០ រៀល ក្រុមការងារថ្នាក់ខេត្ត ១,៥០០,០០០ រៀល ក្នុងនោះដែរលោកជំទាវ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ឧបត្ថម្ភថវិកា ៤,៨០០,០០០ រៀល ។