ទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាមក្រោមប្រធានបទ “បញ្ចប់ជំងឺគ្រុឈាម ផ្តើមចេញពីខ្ញុំ”​ សម្រាប់ប្រយុទ្ធនឹងជំងឺគ្រុនឈាមឆ្នាំ២០១៩


(ភ្នំពេញ)៖ ការលុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គឺជាកិច្ចអន្តរាគមន៍ដ៏ សំខាន់បំផុតដែលយេីងទាំងអស់គ្នាត្រូវអនុវត្តន៌​ ដេីម្បីបញ្ចប់ជំងឺគ្រុនឈាម​ ព្រោះមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដ៏សាហាវ បើមិនមានការការពារ និងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលា នឹងអាចសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋយើង។

ការថ្លែងបែបនេះរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្វទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមប្រធានបទ “បញ្ចប់ជំងឺគ្រុឈាម ផ្តើមចេញពីខ្ញុំ”​ នៅក្នុងសាលាបឋមសិក្សាសែនសុខ ភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងអគ្គនាយក​ នៃក្រសួងសុខាភិបាល រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងរាជធានីភ្នំពេញ មជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ មន្ទីរពេទ្យជាតិ មន្ទីរពេទ្យគន្ធបុប្ផា តំណាងក្រសួងការពារជាតិ ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) អង្គការផ្សេងៗទៀត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបចំនួន ២២០០ នាក់។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចង្អុលបង្ហាញដល់គ្រប់ខេត្ត-រាជធានី អនុវត្តកិច្ចអន្តរាគមន៍ជាបន្ទាន់ ហើយកំពុងបន្ដការងារជាបន្តបន្ទាប់រហូតមកដល់ពេលនេះយ៉ាងហ្មត់ចត់ ព្រមទាំងមានការយកចិត្តទុកដាក់ពីកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អនុគណៈកម្មការគ្លីនិក មន្ទីរ​​​​​​​​​​​​សុខាភិបាលខេត្ត-រាជធានី រួមទាំងកិច្ចគាំទ្រពីគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងដៃគូរពាក់ព័ន្ធ ជាពិសេស កាកបាទក្រហមកម្ពុជា​ ក្នុងការ​​ដាក់ថ្នាំសម្លាប់ដង្កូវទឹកនិងថ្នាំការពារកុំឲ្យកើតដង្កូវទឹកក្នុងអាង ឫពាងទឹក នៅក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា​បច្ចុប្បន្ននេះ ជំងឺគ្រុនឈាមនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ស្ថិតនៅក្នុងស្ថា​ន​​ភាពគ្រប់គ្រងបាន។​ ករណីឈឺកំពុងធ្លាក់ចុះជាបន្តបន្ទាប់ពីចំនួន៤៧៦៩ករណី ក្នុងសប្តាហ៍​ ទី២ខែកក្កដា​ មកចំនួន៣៩៣៣ករណី ក្នុងសប្តាហ៍ទី៣ខែកក្កដាឆ្នាំ២០១៩ ហើយតាមការប៉ាន់ប្រមាណ​ទុកករណីជំងឺគ្រុនឈាមនឹងបន្តចុះនៅពេលខាងមុខនេះទៀត។ អត្រាស្លាប់មានចំនួន០,១% ដែល បង្ហាញថា​សមត្ថភាពគ្រូពេទ្យរដ្ឋក្នុងការជួយពិ​និត្យ និងព្យាបាល អ្នកជំងឺគ្រុនឈាម មានប្រសិទ្ធភាពខ្ពស់ ហើយជាអត្រាមួយដែលស្ទើរតែទាបជាងគេបំផុត ក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ស្ទើរតែគ្រប់ខេត្តជំងឺគ្រុនឈាមបានធ្លាក់ចុះ​ជាបន្តបន្ទាប់ នៅសល់តែខេត្តក្រចេះ ដែលនៅមានការកើនឡើងបន្តិចបន្តួច និងខេត្តចំនួន៥ ​(រាជធានីភ្នំពេញ ព្រះវិហារ កណ្តាល កំពង់ចាម ត្បូងឃ្មុំ) ដែលនៅហ្នឹងឫចុះតិចតួច។

ឯកឧត្តមសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង ​​បានបន្ថែមថា​ដើម្បី​ឲ្យ​ជំងឺ​គ្រុនឈាម​កាន់តែ​បន្ត​ចុះ​ច្រើនថែមទៀត តាងនាមឱ្យក្រសួងសុខាភិបាលនិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស​ មាតា​បិតា អាណាព្យាបាល កុមារា កុមារី ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ធ្វើការសំអាតបរិស្ថាន លំនៅដ្ឋានរបស់ខ្លួន កុំឱ្យមានវត្ថុដក់ទឹកមិនប្រើប្រាស់ទុកចោលពាសវាលពាសកាល ជាពិសេស ចំពោះសំបកយានយន្តដែលមិនប្រើ ត្រូវរក្សាទុកដាក់ឲ្យបានត្រឹម ត្រូវចៀសវាងទឹកដក់ ឬត្រូវដាក់អំបិលចូល២-៣ស្លាបព្រាបាយ ឬចាក់ប្រេងម៉ាស៊ីនចូល ឬទុកដាក់គលើគ្នាគ្របស្បៃមុង ឬគ្របក្តារអោយជិតជាដើម។ ឯការដ្ឋានសំណង់ ត្រូវធ្វើយ៉ាងណាកុំអោយមានទឹកដក់នៅគ្រប់ទីកន្លែង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណាត់ការតាមការអំពាវនាវដូចខាងលើ យើងទាំងអស់គ្នានឹងទទួលបានផលលឿនបំផុតក្នុងការទម្លាក់ជំងឺគ្រុនឈាមឲ្យចុះមកទាបបំផុត ព្រោះថាមានតែបុគ្គលគ្រប់រូបនិង សហគមន៍​ទេ ដែលត្រូវចូលរួមធ្វើជាជនគំរូ កុំឲ្យមានដង្កូវទឹកក្នុងផ្ទះ ឬមូលដ្ឋានរបស់ យើង គ្មានមូសខ្លា ហើយនឹងគ្មានគ្រុនឈាម ទើបបញ្ចប់ជំងឺគ្រុនឈាមបាន។ ម៉្យាងវិញទៀតសូមមាតាបិតាអាណាព្យាបាល មេត្តាឆាប់បញ្ជូនកូនចៅដែលសង្ស័យមានជំងឺគ្រុនឈាមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ជៀសវាងការព្យាបាលនៅផ្ទះ ឬសេវាឯកជនដែលគ្មានជំនាញពិតប្រាកដនាំអោយមានគ្រោះថ្នាក់ដល់ជីវិត។

ឯកឧត្តមសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បានថ្លែងបន្ដថា ដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាតជំងឺគ្រុនឈាមជាបន្តទៀតឲ្យបានទាន់ពេល​វេលា ឯកឧត្តមសាស្រ្តាចារ្យ បានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលបានអញ្ជើញមកពីក្រសួងស្ថាប័នផ្សេងៗចូលរួម​ក្នុងទិវាប្រយុទ្ធនឹងជំងឺគ្រុនឈាមនេះ បន្តចូលរួមសហការឲ្យបានកាន់តែទូលំទូលាយជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត ​​បង្កើនសកម្មភាពផ្សព្វផ្សាយ អប់រំសុខភាព តាមរយៈប្រព័​ន្ឋ​ផ្សព្វ​ផ្សាយ (ទូរទស្សន៍-វិទ្យុ-សារព័ត៌មាន-អប់រំតាមសហគមន៍ សាលារៀន ទីវត្តអារ៉ាម និងអប់រំចល័ត)ស្តី​ពី​វិធានការបង្ការជំងឺគ្រុនឈាម ពិសេស អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ សូមជួយចាត់វិធានការសំអា​តការ​ដ្ឋានសំណង់កុំឲ្យមានទឹកដក់​ និងសំបកកង់ឡានឬម៉ូតូ ដែលទុកចោលពាសវាលពាសកាល ដើម្បីកុំឲ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លា ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យ បានសំដែងនូវការគោរពដឹងគុណមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ធំធេងមិនអាច កាត់ថ្លៃបាន ព្រមទាំងការដឹកនាំចង្អុលបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ ផ្តល់អាទិភាព និងផ្តល់ការគាំទ្រឧបត្ថម្ភយ៉ាង​​ខ្លាំងក្លាដល់វិស័យសុខាភិបាល ជាពិសេស នាពេលនេះ ដល់កម្មវីធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដែលអាចឲ្យកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមមានលទ្ធភាព អាចគ្រប់គ្រង ស្ថានភាពជំងឺគ្រុនឈាមបាននៅក្នុងប្រទេសយើង។

ឯកឧត្តមសាស្រ្តាចារ្យ​ បានសំដែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល​គ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងក្រសួង ឬផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសកាកបាទក្រហមកម្ពុជា​ ដែលបាន ជួយធ្វើសកម្មភាពយ៉ាងសកម្ម ជួយដាក់អាបែតនិងជួយផ្សព្វផ្សាយសារអប់រំសុខភាពសម្រាប់ប្រយុទ្ធនឹងជំងឺគ្រុនឈាមដល់សាធារណជន។ ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ​ ​បានអំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ពន្ធ័ ​សហគមន៏ជាតិ និងអន្តរជាតិទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រ សហការជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ទប់ស្កាត់ជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពថែម​ទៀតក្នុងឆ្នាំនេះ។