គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ


នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ប្រធានមន្ទីរកិច្ចការនារី និងនគរបាល ឬមន្ត្រីនគរបាលយុត្តិធម៌ ផងដែរ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ការជួបពិភាក្សានេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាដូចជា៖ ការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងការបែងចែកមរតកសាសន៍ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ត្រៀមរៀបចំវេទិកានៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕