ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទទួលជួបប្រតិភូធនាគារអភិវឌ្ឍន៍ឥស្លាម IDB


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានអង្គការដៃគូធនាគារអភិវឌ្ឍន៍ឥស្លាម ប្រចាំកម្ពុជា (IDB CPO) បានទទួលជួបប្រតិភូធនាគារអភិវឌ្ឍន៍ឥស្លាម (IDB) ដឹកនាំដោយ លោក Adel Abdulwahab Sindi ប្រធាននាយកដ្ឋានអាហារូបករណ៍របស់ធនាគារ IDB ដើម្បីសំដែងការគួរសម និង ពិភាក្សាការងារ នៅស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រាជធានីភ្នំពេញ។
ជំនួបនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សុះ មុះសិន រដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនា និងជា អនុប្រធាន អង្គការដៃគូធនាគារអភិវឌ្ឍន៍ឥស្លាម ប្រចាំកម្ពុជា និង ឯកឧត្តម លោកជំទាវ ជាច្រើនរូបទៀត។
កិច្ចពិភាក្សា បានផ្តោតសំខាន់អំពីដំណើរការនៃការផ្តល់អាហាររូបករណ៍នៅកម្ពុជា ដែលតាមការគូសបញ្ជាក់ពីសំណាក់ ឯកឧត្តម សុះ មុះសិន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ ឆ្នាំ២០១៦ នេះ និស្សិតខ្មែរឥស្លាមចំនួន ៨៨ នាក់ហើយ ដែលបានទទួលអាហារូបករណ៍ពី IDB ដើម្បីបន្តការសិក្សាទាំងក្នុង និង ក្រៅប្រទេស។ ក្នុងនោះ និស្សិតចំនួន ៧៧ នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានក្លាយជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ជាវេជ្ជបណ្ឌិត ជាវិស្វករ និង អ្នកបច្ចេកទេសផ្សេងៗ។ ជាមួយគ្នានេះផងដែរ កម្ពុជា ក៏បានបង្កើត មូលនិធិទំនុកចិត្តមួយ ដើម្បីទទួលការបង្វិលប្រាក់កម្ចីពីនិស្សិតបញ្ចប់ការសិក្សាក្រោមអាហាររូបករណ៍ IDB ដើម្បីបន្តជួយផ្តល់អារូបករណ៍ ដល់និស្សិតជំនាន់ក្រោយទៀត។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន មូលនិធិនេះ អាចទ្រទ្រង់ការផ្តល់អាហារូបករណ៍ដល់និសិ្សតថ្មី សិក្សាក្នុងស្រុក បានចំនួន ២ នាក់ ជារៀងរាល់ឆ្នាំ។
ពាក់ព័ន្ធទៅនឹងការផ្តល់អាហារូបករណ៍ខាងលើ លោក Adel Abdulwahab Sindi ក៏បានបញ្ជាក់ផងដែរថា IDB បានផ្តល់ជូនកម្ពុជា ជាង ១,៥ លានដុល្លារសហរដ្ឋអាមេរិក រួចមកហើយ។ លោកបានបន្ថែមថា សម្រាប់ការផ្តល់អាហារូបករណ៍របស់ IDB នៅទូទាំងពិភពលោក គឺទទួលបានលទ្ធផលល្អ ចំនួន ៣ សំខាន់ គឺ ទី១ និស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អៗ រហូតដល់មានក្នុងជួររដ្ឋាភិបាលទៀតផង ដូចជានៅកម្ពុជាជាដើម។ ទី២ គឺពួកគាត់ បានបង្វិលប្រាក់កម្ចីទាំងអស់ មកកាន់ធនាគារវិញជាបណ្តើរៗ រហូតដល់អ្នកខ្លះ បានសងមកវិញលើសពីអ្វីដែលបានចំណាយក្នុងការសិក្សារបស់ខ្លួនថែមទៀតផង។ និង ទី៣ ពួកគាត់បានចូលរួមអភិវឌ្ឍន៍សហគមន៍រៀងៗខ្លួន ដែលនេះគឺស្របទៅនឹងការចង់បានធំបំផុតរបស់ IDB។