ឯកឧត្តម សុខ ឥសាន បានចំអកថា ប្រសិនបើលោក សម រង្ស៊ី ចូលស្រុកមែនប្រៀបដូចជា សត្វកុកហើរ ភ្លេចជុងអីញ្ចឹង


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចំអកថា ប្រសិនបើលោក សម រង្ស៊ី ចូលស្រុកមែនប្រៀបដូចជា សត្វកុកហើរ ភ្លេចជុងអីញ្ចឹង ។

ការលើកឡើង របស់អ្នកនាំពាក្យនេះ ខណៈលោក សម រង្ស៊ី បានប្រកាសថា នឹងចូលស្រុកទោះបីជា មានការហាមឃាត់យ៉ាងណាក្តី ។លើសពីនេះ អតីតមេបក្សប្រឆាំង ក៏បានអះអាងថា នឹងមានសមាជិកសភាអាមេរិក សហគមន៍អឺរ៉ុប មួយចំនួនអមដំណើរមកកម្ពុជាផងដែរ ។

យ៉ាងណាឯកឧត្តម សុខ ឥសាន បានឲ្យដឹង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩យ៉ាងដូច្នេះថា «ការវិលត្រឡប់ចូលស្រុក ដែលទណ្ឌិតគ្រោងនឹងមកនោះ បើសិនណាជាមានមែន គឺប្រៀបដូចកុកហើរ មករកជុងដោយឯកឯង ដោយមិនឲ្យពិបាក ដល់សមត្ថកិច្ច ទៅស្វែងរកឡើយ»។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានអះអាងទៀតថា ការដែលអ្នកគាំទ្រ ទៅទទួលទណ្ឌិត រត់ចោលស្រុក នៅពេលចូលស្រុកវិញ មិនខុសច្បាប់ទេ ប៉ុន្តែកុំឲ្យតែធ្វើសកម្មភាព រារាំងសមត្ថកិច្ច ។ ប្រសិនបើធ្វើសកម្មភាពរារាំង និងធ្វើអ្វីរំខានដល់សមត្ថកិច្ច នឹងត្រូវទទួលរង វិធានការណ៍ ពីសមត្ថកិច្ចជាមិនខាន ។

ទោះបីមិននិយាយចប់ឈ្មោះ លោក សម រង្ស៊ី ក្តីកាលពីថ្ងៃទី២៩ កក្កដា ក៏សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “មិនចាំបាច់និយាយ ពីអ្នកណាចូលស្រុក ឬមិនចូល ស្រុកនោះ ខ្ញុំមិនចាំបាច់និយាយបន្តទេ ខ្ញុំឃើញសេចក្តីប្រកាស របស់អគ្នស្នងការនគបាលជាតិ ដូចជាមិនបានស្នើសុំ ឲ្យបរទេសជួយចាប់ខ្លួន អាមួយណានោះទេ ។ ប៉ុន្តែសមត្ថកិច្ច មានភារៈកិច្ចទទួលខុសត្រូវ ក្នុងប្រទេស ដោយមានការសហការ ហើយកុំឲ្យអ្នកដែលមិនពាក់ព័ន្ធចូលរួម ព្រោះគេមានបញ្ហាដោះស្រាយ ជាមួយអ្នកដែលមាន ទោសជាប់ ជាមួយខ្លួនប៉ុណ្ណោះ” ។

ចំណែកលោក សម រង្ស៊ី ក៏បានលើកឡើងលើ បណ្តាញសង្គមដែរថា សម្តេចតេជោ បានហាមឃាត់លោក មិនឲ្យចូលស្រុក៕