ជំនួបពិភាក្សារវាងឯកឧត្តម អភិបាលខេត្តសៀមរាបជាមួយសភាពាណិជ្ជកម្មខេត្តហ្វូចៀននៃសាធារណរដ្ឋប្រជាមានិតចិន


កាលពីរសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមទាំងថ្នាក់ដឹកនាំមន្ទីរ សភាពាណិជ្ជកម្មខេត្ត និង សមាគមសហគ្រឹនវ័យក្មេង ជួបធ្វើការពិភាក្សាការងារមួយចំនួន ជា មួយ ប្រតិភូសភាពាណិជ្ជកម្មខេត្តហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Huang Danqing ប្រធានសភាពាណិជ្ជកម្ម និង ជាប្រធានក្រុមហ៊ុន Ronghui Fujian Group Co.,Ltd ដោយមានសមាជិកប្រតិភូគឺជាស្រ្តី និងជាប្រធាន ក្រុមហ៊ុន ចំនួន ២២ក្រុមហ៊ុន ។

លោកស្រី Huang Danqing បានលើកឡើង អំពីគោលបំណងរបស់ប្រតិភូ សភាពាណិជ្ជកម្មហ្វូចៀន មកកាន់ខេត្តសៀមរាប ក្នុងការសិក្សាស្វែងយល់ អំពីស្ថាភាព ភូមិសាស្ត្រ និង សក្តានុពលរបស់ខេត្តសៀមរាប ក្នុងគោលដៅធ្វើជាដៃគូរ ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយបានផ្តោតសំខាន់ទៅ លើវិស័យទេសចរណ៍ និង ការផលិតថាមពលអគ្គិសនី ដោយយកសម្រាមធ្វើជាថាមពលផលិត ។ ក្នុងនោះលោកស្រី ក៏មានចំណាប់អារម្មណ៍ផងដែរ ចំពោះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការរីកចម្រើនច្រើន តែនៅមិនទាន់មានការអភិវឌ្ឍន៍ឥតខ្ចោះនៅឡើយ ។

ក្នុងជំនួបនោះគណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍ខ្លាំង ចំពោះខេត្តសៀមរាប ដោយមានបំណងមកធ្វើការវិនិយោគ ក្នុងវិស័យទេសចរណ៍ និង ផលិតថាមពលអគ្គិសនីកែច្នៃចេញពីសម្រាម និង បានស្នើអញ្ជើញ ឯកឧត្តម អភិបាលខេត្ត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្ត ហ្វូចៀននាពេលខាងមុខ ។ ក្នុងនោះដែរអ្នកជំនាញបច្ចេកទេស ក្នុងការកែច្នៃសម្រាមធ្វើជាថាមពលអគ្គិសនី ដោយបញ្ជាក់ថា ក្នុងមួយថ្ងៃប្រើប្រាស់សម្រាម ៨០០តោន ហើយក្នុង១តោនសម្រាមផលិតថាមពលបាន ១៥០គីឡូវ៉ាត ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ជូនដល់ប្រតិភូថា ខេត្តសៀមរាបមានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ។ ម៉្យាងទៀតក្រៅពីតំបន់ប្រាសាទ ខេត្តក៏មានតំបន់រមណីយដ្ឋានធម្មជាតិ ព្រមទាំងមានរៀបចំនូវគម្រោង ក្នុងការពង្រីកតំបន់អេកូទេសចរណ៍នៅតាមបណ្តាស្រុកមួយចំនួន ជាអេកូទេសចរណ៍ធម្មជាតិ និង កសិទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនា និង ស្នាក់នៅបានយូរថ្ងៃផងដែរ ហើយខេត្ត ក៏មានតម្រូវចំពោះអ្នកវិនិយោគលើវិស័យទេសចរណ៍ទោះបីហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍មានការរីកចម្រើនក៏ពិតមែននៅក្នុងក្រុងសៀមរាប តែនៅមិនទាន់បានបំពេញនូវតម្រូវការចាំបាច់របស់ភ្ញៀវនៅឡើយ នៅពេលមានបុណ្យទានម្តងៗ ។ ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ នៅពេលរាត្រីភ្ញៀវបានដើរកម្សាន្តក្នុងក្រុង នៅ តំបន់ផាប់ស្ត្រី និង ផ្សាររាត្រី រួមទាំងតំបន់ឃ្យុងយូរតែប៉ុណ្ណោះ ។ ដោយកត្តាទាំងនេះហើយ ដែលអាជ្ញាធរទាមទាស្វែង រកដៃគូ អ្នកវិនិយោគ ចូលមកបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវ ទេសចរណ៍ចូលមកខេត្តសៀមរាបមានការកើនឡើង ក្នុងនោះភ្ញៀវទេសចរណ៍ចិនស្ថិតក្នុងលំដាប់លេខ១ ។

ក្រោយពីកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តម ទៀ សីហា ក៏មានសងឹ្ឃមជឿជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការ ជាដៃគូនឹងគ្នានោះ និង ធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍន៍រីកចម្រើន ក្នុងវិស័យទេសចរណ៍ជឿនលឿនដូចបណ្តាប្រទេសនៅ លើពិភពលោក ដោយខេត្តសៀមរាបមានប្រាង្គប្រាសាទអង្គរ អច្ឆរយៈដ៏ល្បីល្បាញ និង ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើ ពិភពលោក ចូលមកទស្សនាកម្សាន្ត ក្រៅពីប្រាសាទក៏មានរមណីដ្ឋានធម្មជាតិភ្នំគូលែន និង បឹងទន្លេសាប ដែលយើងអាចបង្កើត បានថ្មីទៀត នូវតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ។ ជាការឆ្លើយតបឯកឧត្តម បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលចំណាយពេលមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តសៀមរាប អាជ្ញាធរខេត្តរង់ចាំបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហគ្រីនដែលនឹងមកវិនិយោគទាំងឡាយ ដែលមានបំណងមកវិនិយោគទុននៅខេត្តប្រវត្តិសាស្ត្រមួយនេះ៕