ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ប.ទ. ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងាររបស់មូលនិធិ ក.ស.ទ និងមូលនិធិ ស.អ


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ-U.S.O Fund) និងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងាររបស់មូលនិធិ ក.ស.ទ. និងមូលនិធិ ស.អ ដែលបានអនុវត្តនាពេលកន្លងមកឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញទាំងអស់ថា ដើម្បីផ្តល់នូវគណនេយ្យភាព តម្លាភាពទៅដល់បណ្តាក្រុមហ៊ុននានាដែលជាអ្នកបង់ថវិកាវិភាគទានចូលក្នុងមូលនិធិទាំងពីរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវ៖
ទី(១).ត្រូវរៀបចំកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុននានាឱ្យបានជាប្រចាំ ដើម្បីបង្ហាញពីលទ្ធផលការងារដែលយើងអនុវត្តសម្រេចបាននាពេលកន្លងមក ដែលបានមកពីការប្រើប្រាស់នូវថវិកាវិភាគទានមូលនិធិរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់បានដឹងយល់ច្បាស់ពីការប្រើប្រាស់នូវថវិកាវិភាគទានរបស់មូលនិធិ និងកាន់តែមានភាពជឿជាក់មកលើមូលនិធិនេះថែមទៀត
ទី(២). រាល់ឯកសារដែលក្រសួង ប.ទ.បានធ្វើគឺត្រូវធ្វើឱ្យស្របទៅតាមច្បាប់ជាធរមាន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងដំណើរការការងាររបស់ក្រុមប្រឹក្សាភិបាល គឺយើងបានយកចិត្តទុកដាក់និងគិតគូរខ្ពស់ដោយបានអនុវត្តទៅតាមនីតិវិធីទាំងអស់ ព្រមទាំងបានរៀបចំជាគោលការណ៍និងផែនការច្បាស់លាស់ ហើយយើងសង្កេតឃើញថាមានសមិទ្ធិផលជាច្រើនដែលបានលេចចេញឡើងជារូបរាងដោយការប្រើប្រាស់ថវិកាវិភាគទានពីមូលនិធិនេះផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលកន្លងមកនេះបានអនុវត្តការងារទទួលបានលទ្ធផលគួរជាទីមោទនៈ៕