ឯកឧត្តម ផៃ ស៊ីផាន ថ្លែងអំណរគុណ លោក MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក…………..


ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ថ្លែងអំណរគុណ លោក MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក ដែលបានផ្តល់យុត្តិធម៌ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលះបង់ និងពលីគ្រប់បែបយ៉ាង ក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ឯកឧត្តម ផៃ ស៊ីផាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ បានសរសេរថា “ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណ ដល់លោក MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងការផ្តល់យុត្តិធម៌ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែលះបង់ និងពលីគ្រប់បែបយ៉ាង ក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ រួមជាមួយនឹងការប្រឹងប្រែង ក្នុងកិច្ចរក្សាមិត្ត ដែលជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិ ទាំងអស់នៅលើពិភពលោក មិនរើសអើង ” ។

ការសម្តែង នូវការអរគុណ របស់អ្នកនាំពាក្យ រដ្ឋាភិបាលកម្ពុជា នៅពេលនេះ ធ្វើឡើងបន្ទាប់ ពីលោក MiKe Pompeo ដែលជារដ្ឋមន្ត្រីការបរទេស អាមេរិក បានប្រកាសស្វាគមន៍ នូវការបដិសេធ របស់រដ្ឋាភិបាល ចំពោះព័ត៌មានដែលថា កម្ពុជានឹងអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ព លើទឹកដីរបស់ខ្លួន ។

លោក MiKe Pompeo លើកឡើងដូច្នេះ នៅក្រោយជំនួបថ្នាក់រដ្ឋមន្ត្រី ការបរទសអាស៊ាន-អាមេរិក លើកទី៥២ ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍ ការការពារអធិបតេយ្យភាព ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយអាមេរិក ក៏លើកទឹកចិត្ត ដល់ប្រទេសផ្សេងទៀត ក្នុងតំបន់ឲ្យធ្វើតាមលំនាំ របស់កម្ពុជាផងដែរ៕