លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។ នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។
១.ផ្ទះលេខ២៦៧ ប្រគល់ជូនលោកយាយ កយ យ៉ុង អាយុ៨៤ឆ្នាំ រស់នៅភូមិស្រែតាជ័យខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាអំណោយលោក ហេង ណារិទ្ធ និងលោកស្រី នូវ សុីថុល។
២.ផ្ទះលេខ២៦៨ ប្រគល់ជូនលោកតា ឡុង ភា អាយុ៧៤ឆ្នាំ និងលោកយាយ សួន អុល រស់នៅភូមិក្រាំងស្គាខាងត្បូង ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាអំណោយ លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ហេង ចិន្តា ព្រមទាំងបុត្រ។
នៅក្នុងឱកាសនោះ លោកតា លោកយាយ ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង​នេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងសប្បុរសជនក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ផ្តល់រទេះរុញដល់ជនពិការចំនួ ០៣គ្រឿង និងថវិកាមួយចំនួន។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំង ១គ្រួសារទៀត ឈ្មោះ លោកយាយ ណុំ នាង អាយុ៦៤ឆ្នាំរស់នៅភូមិក្រាំងស្គាខាងត្បូង ឃុំក្រាំស្គា ស្រុកទឹកផុស ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមាន គ្រឿងឧបភោគ-បរិភោគ ពូក ខ្នើយ មុង វិទ្យុ សំលៀកបំពាក់ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនធំ ព្រមទាំងថវិកាមួយចំនួន។