លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ


(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕