ថ្ងៃចន្ទ ៥កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ នៅសាលាខេត្តសៀមរាបក្រោមអធិបតីភាព លោកជំទាវ ស៉ិន ណម ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកស្រី អនុប្រធាន និលោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ព្រមទាំងអង្គការសរុប ៣៣នាក់ ស្រី២៤នាក់។
កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ នេះ អង្គប្រជុំបានពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖
១-ពិនិត្យនិងអនុម័តលេីសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ របស់ គកសក ខេត្ត (ចាប់ពី ខែកក្កដា ឆ្នាំ២០១៩ ដល់ ខែមិថុនា ឆ្នាំ២០២០)
២-របាយការណ៍ស្តីពី លទ្ធផល នៃការអនុវត្តការងារប្រចាំខែមិថុនា និងខែកក្កដា ឆ្នាំ២០១៩ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប
៣-របាយការណ៍ស្តីពីស្ថានភាពស្ត្រី យុវវ័យ កុមារនិងជនងាយរងគ្រោះតាមបណ្តាវិស័យពាក់ព័ន្ធរួមមាន វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ និងសន្តិសុខសណ្ដាប់ធ្នាប់ ប្រចាំខែមិថុនា និងខែកក្កដា ឆ្នាំ២០១៩។
៤-បញ្ហាផ្សេងៗ និងសំណូមពរ។
បន្ទប់ពីកិច្ចពិភាក្សាមក លោកជំទាវ ប្រធានអង្គប្រជុំបានណែនាំដល់បណ្តាវិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់ និងទទួលខុសត្រូវខ្ពស់រាល់ភារកិច្ច និងបញ្ហានានាចំពោះស្ត្រី យុវ័យ កុមារ និងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន ហេីយរាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព និងទាន់ពេលវេលា ដេីម្បីជៀសវាងការយឺតយូរនាំអោយជនបង្ករត់គេចខ្លួនទៅឆ្ងាយ។
ជាមួយគ្នានេះដែរលោកជំទាវ ប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូរ និងអ្នកពាក់ព័ន្ធទាំងអស់ដែលតែងតែចូលរួមមតិយោបល់ កិច្ចពិភាក្សា និងបានលេីកបញ្ហាដែលកើតឡើង ដើម្បីដោះស្រាយរួមគ្នា និងទទួលបានជោគជ័យទាំងអស់គ្នា៕