សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនបណ្តោយឱ្យប្រទេសក្លាយទៅជាជម្រកក្រុមភេរវករ និងលាងលុយកខ្វក់ឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនឱ្យប្រទេសកម្ពុជា ក្លាយទៅជាទីតាំងនៃជម្រកក្រុមភេរវករ ឬក្លាយជាកន្លែងដើម្បីលាងលុយកខ្វក់បានឡើយ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាភេរវកម្ម ដែលជារឿងគំរាមកំហែងដល់សន្តិសុខពិភពលោក។ សម្តេចលើកឡើងអំពីការបាញ់ប្រហារ នៅរដ្ឋតិចសាស សហរដ្ឋអាមេរិកនាថ្មីៗនេះ ហើយសម្តេចក៏បានលើកឡើងអំពីការបំផ្ទុះគ្រាប់បែក នៅប្រទេសថៃ ក្នុងពេលប្រជុំវេទិកាតំបន់អាស៊ាន ដែលមានប្រទេសសំខាន់ៗទៀតចូលរួមផងដែរ។

សម្តេចបានថ្លែងថា៖ «យើងក៏ត្រូវប្រុងប្រយ័ត្ន ព្រោះពួក ISIS បានចូលមកតំបន់នេះ រួចស្រេចទៅហើយ តាមរយៈកម្លាំងនៅហ្វីលីពីន ដែលកាន់កាប់ទីក្រុងមួយអស់រយៈពេលប៉ុន្មានខែឯណោះ»។ សម្តេចបានបន្តថា៖ «ពួក ISIS មិនមែននៅតែ១កន្លែងទេ អាចនៅកន្លែងនេះកន្លែងនោះ ធ្វើយ៉ាងម៉េចកុំឱ្យប្រទេសយើង ក្លាយទៅជាជម្រកនៃការលាក់ខ្លួនរបស់ភេរវកម្ម ទោះបីថាយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម តែត្រូវធ្វើឱ្យកម្ពុជាយើង កុំឱ្យក្លាយជាប្រទេសនៃជម្រក ឬឆ្លងកាត់ភេរវកម្ម កុំឱ្យប្រទេសយើងក្លាយទៅជាកន្លែងសម្អាតប្រាក់»

លុយដុល្លារ ដែលមិនមានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចកម្ពុជា រឹបអូសបានជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភាគច្រើននៃលុយគ្មានប្រភពច្បាស់លាស់ ដែលត្រូវចាប់បាននេះ នាំចូលដោយជនជាតិចិន មកពីហុងកុង។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតរហូតដល់ពេលនេះ លុយខុសច្បាប់នាំចូលមកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិមានចំនួន ៧.៤លានដុល្លារអាមេរិកហើយ។

សម្តេចតេជោ បានបន្ថែមថា សំណុំបញ្ហាគ្រឿងញៀន ការជួញដូរអាវុធ ការលាងកខ្វក់ គឺជារឿងតែមួយ ដែលកម្ពុជា រូវខិតខំប្រយុទ្ធប្រឆាំង ដើម្បីសន្តិសុខ។ យើងត្រូវសហការជាមួយដៃគូទាំងអស់ ដែលពាក់ព័ន្ធនឹងកម្ពុជា។

សម្រាប់សម្តេចតេជោ, កម្ពុជាពេលនេះ ជាប្រទេសកំពុងអភិវឌ្ឍ។ ការអភិវឌ្ឍតែងតែជួបបញ្ហានេះឬបញ្ហានោះរឿងធម្មតា ប៉ុន្តែកម្ពុជាត្រូវខិតខំដោះស្រាយឱ្យបាន។ បើមិនដោះស្រាយទេ ទៅថ្ងៃមុខនឹងជួបការលំបាក ប្រជាជននឹងភ័យខ្លាច៕