លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតិឲ្យ (Eldeen Hussaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ ឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូដ ហាសស៊ីម (Eldeen Hussaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។
សូមបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូតថ្មីរូបនេះ ជាអគ្គរាជទូតទី៩ របស់ម៉ាឡេស៊ី ហើយបានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា បន្ទាប់ពីបានថ្វាយសារតាំងចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ។

ឯកឧត្តម ឯកអគ្គរាជទូត ម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិឲ្យចូលជួបសំដែងការគួរសម និងសុំការណែនាំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង រាជរដ្ឋាភិបាលប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត ពិសេស លើកិច្ចការទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៅកម្ពុជា ។ ឯកឧត្តម បានបន្តទៀត ថា កន្លងមក ម៉ាឡេស៊ីជាប្រទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរកិច្ច ដែលគិតមកដល់បច្ចុប្បន្នមានអ្នកវិនិយោគ ទុនម៉ាឡេស៊ីប្រមាណជាង៤០០ ក្រុមហ៊ុនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ។
ទន្ទឹមនឹងនេះឯកឧត្តមអគ្គរាជទូត ក៏បានចាប់អារម្មចំពោះការរីកចំរើនរបស់កម្ពុជា ទាំងស្ថេរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ពិសេស វិស័យសំណង់ ដែលកំពុងបំរើឲ្យផលប្រយោជន៍ របស់ប្រជាជន និងជំនឿទុកចិត្តដល់អ្នកវិនិយោគបរទេសផងដែរ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសំដែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ីជាមិត្តល្អតាំងពីអតីកាល និងបច្ចុប្បន្ន មានន័យថា ចាប់តាំងពីកម្ពុជាមានការលំបាកគឺរារដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការចូលរួមស្វែងរកសន្តិភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា បើទោះជាកម្ពុជា កំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំក្នុងការជំរុញ លើកកំពស់កិច្ចសហការ និងការពារដៃគូរវិនិយោគទុនទាំងអស់ តាមរយៈ នៃការប្រឆាំងអំពើពុករលួយ ដោយឈរលើស្មារតីអនុវត្តនូវអភិក្រមទាំង៥ ឲ្យកាន់តែមានប្រសិទ្ធិភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
តាមរយៈ ឯកឧត្តម ឯកអគ្គរាជទូតថ្មី ម៉ាឡេស៊ីនាពេលនេះ លោកជំទាវ ម៉ែន សំអន បានសំដែងនូវជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែប្រសើរ និង រីកចំរើន រឹងមាំថែមទៀត ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បី ទទួលស្វាគមន៍ ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះផងដែរ ៕