វេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តប៉ៃលិន


នៅព្រឹកថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តប៉ៃលិន ដែលបានរៀបចំនៅវត្តសាមគ្គីគីរីសំរឹទ្ធិ (ហៅវត្តសាលាក្រៅ) ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ វេទិកាសាធារណ:មានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាខេត្តប៉ៃលិន អាជ្ញាធរខេត្ត ក្រុង ស្រុក និងឃុំទាំង៤ ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំទាំង៤ នៃស្រុកសាលាក្រៅ សរុបរួមប្រមាណ ៥០០នាក់។

សូមបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការ និងធានាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្រុមការងារថ្នាក់ជាតិតំណាងឲ្យរាជរដ្ឋាភិបាល ចុះពង្រឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយសហការ​ជំរុញ ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​ការផ្ដល់​សេវា​សាធារណៈ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ហើយតាមរយៈវេទិកាសាធារណៈនៅមូលដ្ឋាន គឺផ្ដោតលើការយកចិត្តទុកដាក់ ​អំ​ពី​ស្ថាន​ភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និង​ការចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ ដើម្បី​ស្ដាប់​ក្ដីកង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់ ​ជំរុញ​ការដោះ​ស្រាយ​នូវ​រាល់​ក្តីកង្វល់ សំណូម​ពរ និងសំណើទាំងអស់ ដោយ​ផ្អែកលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា បើក្នុងករណីក្រុមការងារមិនអាចដោះស្រាយបាន ក្រុម​ការងារ​ថ្នាក់ជាតិ​ នឹងបូកសរុបធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។