ឧត្តម បណ្ឌិត ឃឹម ប៊ុនសុង រៀបចំពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាប


សៀមរាប៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាប ក្រោម​អធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ សរុបចំនួន៤០០នាក់ដែលបានចូលរួម។
បើកអង្គសន្និបាតនាឱកាសនោះឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះក្នុងការអនុវត្តកម្មវិធីនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ នៃអណត្តិទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។ ឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និងការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និងធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។
ឧត្តម បណ្ឌិត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម។ ក្នុងបរិការណ៍នេះសន្និបាតខេត្តបានក្លាយជាយន្តការដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាព ​ដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈ បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះសំខាន់ៗ​នូវបទពិសោធន៍ បញ្ហាប្រឈម និងការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ​ក្នុងការ កែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម។
ឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានស្នើសុំឲ្យអង្គសន្និបាត ទាំងមូលរកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើ ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ, បទល្មើសព្រៃឈើ, ជលផល, ល្បែងស៊ីសង, គ្រឿងញៀន និងការជួញដូរផ្លូវភេទ, ការផ្តល់សេវាសាធារណៈ, ការដោះស្រាយទំនាស់ដីធ្លី ការផ្តល់ប័ណ្ណកម្មសិទ្ធ ការអនុញ្ញាតច្បាប់សាងសង់ ការគ្រប់គ្រងដីរដ្ឋ, ការគ្រប់គ្រងដីចំណីផ្លូវ, ការរៀបចំ​បណ្តាញរចនាសម្ព័ន្ធផ្លូវថ្នល់ លូ ការរៀបចំសោភ័ណ្ឌភាពការសម្អាតអនាម័យ បរិស្ថានក្នុងក្រុង និងទីប្រជុំជន ព្រមទាំងលើកនូវវិធានការ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិគ្រោះរាំងស្ងួត ខ្យល់ព្យុះ និងការពារភ្លើងឆេះព្រៃជាដើម។ ឧត្តម បណ្ឌិតមានការសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំ តាមរយៈនៃអង្គសន្និបាតនេះ ​យើងនឹងបាននូវលទ្ធផលជាផ្លែផ្កា ជាវិជ្ជមានប្រកបដោយមោទនភាពខ្ពស់។