រដ្ឋបាលខណ្ឌដង្កោ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយពលរដ្ឋ នៅមូលដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា


រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និង ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង លោកអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ និងអជ្ញាធរភូមិសង្កាត់ ប៉ុស្តិ៍ផងដែរ។

តាមរយៈវេទិកាសាធារណៈនេះ ឯកឧត្ដម នុត ពុធដារ៉ា បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ លើកយកសំណើ និងសំណូមពរផ្សេងដែលជាបញ្ហាកង្វល់ របស់ពួកគាត់ ក៏ដូចជាតម្រូវការផ្សេងៗផងដែរ។ បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែក្ដោបក្ដាប់ឲ្យបាននូវអ្វី ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ៕