សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១០លានរៀល ជូនបុរសធ្លាក់កៀបក្នុងថ្មនៅបាត់ដំបង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១០លានរៀលដល់បុរសម្នាក់ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយការលំបាក។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអ្នកដឹកនាំបញ្ជាកម្លាំងក្នុងប្រតិបត្តិការសង្គ្រោះបុរសជាប់ក្នុងថ្ម  នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អានិតអាសូរបុរសរងគ្រោះជាខ្លាំងនៅបានដឹងពីការប្រឹងប្រែងរបស់គេក្នុងការចិញ្ចឹមជីវិតរហូតបានរងគ្រោះថ្នាក់បែបនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី   គន់ គីម បានបន្ថែមថា សម្តេចទាំងទ្វេ បានឧបត្ថម្ភថវិកានេះ ដើម្បីជួយរំលែកនូវការលំបាករបស់ជនរងគ្រោះ និងគ្រួសារផងដែរ។

លោក បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រ ពេលរូបគេឡើងទៅកើបអាចម៍ប្រចៀវ។ លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

បន្ទាប់ពីបានរកឃើញអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នោះ បាដឹកនាំកម្លាំងជួយសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ តាមយន្តហោះចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ។ ក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានសហការគ្នារិះរកវិធី និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តរហូតទទួលបានជោគជ័យ។

នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះត្រូវបានយកចេញពីថ្ម ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ មកដល់យប់ថ្ងៃទី០៧ ខែសីហា សុខភាពរបស់ជនរងគ្រោះបានល្អប្រសើរឡើងវិញហើយ៕