រាជរដ្ឋាភិបាលកម្ពុជាប្រកាសជួយរកទីផ្សារម្រេចជូនដល់ប្រជាកសិករ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស


សមាគមម្រេចកំពត បានសំដែងក្ដីត្រេកអរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួយ រកទីផ្សារ នាំចេញទៅក្រៅប្រទេសបន្ថែមទៀត ពោលគឺ ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដើម្បី លើក ស្ទួយ គុណភាពផលិតផលក្នុងស្រុក និងការបង្កើនប្រាក់ចំណូលរបស់អ្នកដាំ។

លោក ងួន ឡាយ ប្រធានសមាគមម្រេចខេត្តកំពត មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ការ ជួយ ជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល នឹងជំរុញ ឲ្យប្រជាកសិករ ខិតខំប្រឹង ប្រែងយក ចិត្តទុក ដាក់ ក្នុងការ បង្កបង្កើនផលដំណាំម្រេចបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន កំណត់យកនូវទំនិញកសិផលជាច្រើនមុខ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន មានដូចជា៖ ផ្លែស្វាយ ស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែ ស្រកានាគ ផ្លែដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ជាដើម ។

លោក ងួន ឡាយ សង្ឃឹមថា ទីផ្សារប្រទេសចិន នឹងអាចស្រូបយកបរិមាណម្រេចកំពត បានច្រើន និងមានតម្លៃកាន់តែប្រសើរ ដោយសារផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានទទួលស្គាល់ដោយ សហគមន៍អឺរ៉ុបមួយនេះ មានគុណភាពខ្ពស់ ។

ខ្ញុំរីករាយសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល ជួយរកទីផ្សារផលិតផលមាន ៦មុខ នាំទៅចិនទៀត។ ចឹងទៅ ខ្ញុំអបអរសាទរនូវភាពជោគជ័យនេះ បានដល់កសិករគ្រប់ប្រភេទដែលផលិតម្រេច ផ្លែមានប៉ៃលិន និងស្រការនាគ។ គាត់រីករាយសប្បាយនឹងមានទីផ្សារ បើមានទីផ្សារទៅចិនទៀតយើងបាន ផលិតផលយើង ផលិតហើយអស់ៗ គឺសប្បាយហើយ»

លោកបន្ថែមថា  សមាគមន៍ម្រេចកំពតមានផ្ទៃដីដាំម្រេចសរុប ២៤០ហិកតា  និងមាន សមាជិក ៤៥៥ គ្រួសារ ដោយក្នុងមួយឆ្នាំៗ ប្រមូលផលបានពីចន្លោះ៦៩តោន ទៅ៧០តោន។

លោក ងួន ឡាយ បានបន្តថា ផលិតផលម្រេចកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប អាមេរិក  ជប៉ុន កូរ៉េខាងត្បូង ថៃ ហុងកុង សរុប៧០ភាគរាយ បាននាំចេញទៅទីផ្សារក្រៅប្រទេសមាន និង សល់៣០ភាគរយទៀត សំរាប់លក់នៅទីផ្សារក្នុងស្រុក ។  លោកបានឲ្យដឹងទៀតថា ម្រេចដែលនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេសមានបីប្រភេទ រួមមាន៖ ម្រេចខ្មៅ មួយគីឡូក្រាម មានតម្លៃ១៥ដុល្លារ ម្រេចក្រហម មួយគីឡូក្រាម មានតម្លៃ ២៥ដុល្លារ និងម្រេចស ក្នុងមួយគីឡូក្រាម  មានតម្លៃ២៨ដុល្លារ ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជ្រើសរើសទំនិញចំនួន៦មុខ ជាអាទិភាព រួមមាន៖ ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រកានាគ ផ្លែដូងក្រអូប និងទឹកមាត់ត្រចៀកកាំ សម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅបណ្តាឆ្នាំខាងមុខនេះ៕