រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ


នារសៀលថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាព ឯកឧត្ដម ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីចប់ពិធីសម្ពោធឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិក្នុងការបំពេញភារកិច្ចការងារការទូតរបស់ឯកឧត្ដម។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានកោតសរសើរការងាររបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបំពេញភារកិច្ចនាពេលកន្លងមកនេះ ដោយបានជួយដល់រាជធានីភ្នំពេញទាំងវិស័យអប់រំ វិស័យដឹកជញ្ជូនសាធារណៈ ( ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធប្រឡាយ-លូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ )។ល។