ឯកឧត្តម អភិបាលខេត្តជួបសម្តែងការគួសមជាមួយប្រតិភូស្ថានទូតម៉ាឡេស៊ី


នៅរសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធ បានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួនជាមួយប្រតិភូស្ថានទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមEldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា នឹងសហការី នៅសាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍នោះឯកឧត្តម ទៀ សីហា ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមសក្តានុពលរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ។

ក្នុងនោះដែរឯកឧត្តម Eldeen Husaini Mohd Kashim ក៏បានធ្វើការបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូ មក កាន់ខេត្តប្រវត្តិសាស្ត្រសៀមរាប ដោយបានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ កសិកម្ម ។ ដោយវិស័យទេសចរណ៍នេះ ហើយដែលនាំមកនូវចំណូលមិនចេះរីងស្ងួត ហើយរដ្ឋាភិបាលម៉ាឡេស៊ី ក៏ចង់បានការផ្លាស់ប្តូរភ្ញៀវទេសចរណ៍រវាងប្រទេស ទាំងពីរផងដែរ ។

ឯកឧត្តមក៏បានបញ្ជាក់ថា នេះជាខេត្តទី៤ហើយ ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ប្រតិភូឯកអគ្គរដ្ឋទូត តាមបណ្តាខេត្ត គោលដៅទេសចរណ៍ ។ ម៉្យាងទៀតដំណើរបំពេញបេសកកម្មនេះ គឺដើមី្បជួបធ្វើកិច្ចពិភាក្សាជាមួយគណៈអភិ បាលខេត្ត លើការងារមួយចំនួន ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិនឹងគ្នា រវាងប្រទេសម៉ាឡេស៊ី និង រដ្ឋបាលខេត្តសៀមរាប ។ ក្នុងនោះដែរគណៈប្រតិភូក៏បានបញ្ជាក់ពីគោលដៅឆ្នាំ២០២០នៃប្រទេសម៉ឡេស៊ី និងក្លាយទៅជាតំបន់ទស្សនា ព្រមទាំងបាន ស្នើសុំដាក់ជូននូវគម្រោងមួយចំនួន ដោយបានផ្តោតសំខាន់លើវិស័យ កីឡា ( វាយកូនហ្គោល និង បាល់បោះ ) ។

ឯកឧត្តមក៏បានលើផងដែរ អំពីវិស័យspa និង សណ្ឋាគារ ដែលមានបំណងក្នុងកិច្ចសហការ ជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងនោះ ដែរគណៈប្រតិភូក៏បានចាប់អារម្មណ៍ទៅលើវិស័យសុខាភិបាល និង សំណូមពរដល់រដ្ឋបាលខេត្ត សុំឲ្យមានអ្នកមគ្គុទេសក៏ទេសចរ ចេះនិយាយភាសារម៉ាឡេស៊ី ហើយបើមានបំណងចង់ធ្វើការបណ្តុះបណ្តាលភាសារម៉ាឡេស៊ី ឯកឧត្តមនឹងធ្វើការបញ្ជូនគ្រូបង្រៀនឲ្យមកបង្រៀនសិស្សកម្ពុជាផងដែរ ។ ចំពោះការងារកសិកម្ម នឹងធ្វើការសិក្សាស្រាវជ្រាវរួមគ្នានៅ ខេត្តសៀមរាប ដើមី្បឲ្យមានការផលិត និង ការបែងចែកផលចំណេញជាមួយគ្នា ព្រមទាំងមានចំណាប់អារម្មណ៍លើការដាំដំណាំអំពៅ ទៀតផង ។

ឯកឧត្តមក៏គូសបញ្ជាក់ថា នូវរាល់ចំណុចដែលបានលើកឡើងនេះ ជាកត្តាជួយជម្រុញដល់អ្នកវិនិយោគ និង អ្នកទេសចរប្រទេសម៉ាឡេស៊ី ចូលមកធ្វើធុរៈកិច្ច និង ទេសចរណ៍នៅកម្ពុជា សំខាន់គឺ ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះប្រតិភូ ដែលបានលើកនូវគោលគំនិតល្អៗ ក្នុងកិច្ចសហប្រតិបត្តិ ការនឹងគ្នា រវាងប្រទេសម៉ាឡេស៊ី និង កម្ពុជា សំខាន់ខេត្តសៀមរាប ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នាបានយូរអង្វែង ។ ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា វិស័យកីឡា ក៏ជាចលករមួយក្នុងការជម្រុញដល់វិស័យទេសចរណ៍ ហើយក៏នាំមកនូវសុខភាព រាងកាយរឹងមាំទៀតផង ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍លើសកលលោក ចូលមកទស្សនាកម្សាន្ត ហើយ ភ្ញៀវមួយចំនួន ដែលជាអ្នកស្នេហាកីឡា ក៏បានចូលរួមប្រកួតជាមួយយុវជនកម្ពុជា ហើយនៅខេត្តសៀមរាប ក៏មានទីកន្លែងវាយកូនហ្គោលចំនួន ៣កន្លែងផងដែរ ។

ក្នុងនោះឯកឧត្តមក៏បានគាំទ្រនូវការលើកឡើងរបស់ប្រតិភូ លើវិស័យកីឡាបាល់បោះ ដែលយុវជនយើងនាពេល បច្ចុប្បន្ន បានកំពុងពេញនិយមក្នុងវិស័យកីឡាគ្រប់ប្រភេទ ហើយក៏ជាឱកាសដ៏ល្អក្នុងកិច្ចពិភាក្សាទៅលើកីឡានៅកម្ពុជាផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាសណ្ឋាគារ និង ស្បារ៏ នៅខេត្តសៀមរាប យើងមិនទាន់មានភាពដ៏សម្បូរបែបដូចទៅនឹង ប្រទេសជិតខាននោះឡើយ ។ ម៉្យាងទៀតចំនួនភ្ញៀវទេសចរនាឆ្នាំ២០១៨ គឺមានការកើនឡើង តែនៅដើមឆ្នាំ២០១៩នេះ ចំនួនភ្ញៀវមាន ការថយចុះ ដូចប្រទេសម៉ាឡេស៊ីផងដែរ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ទោះបីស្ថានភាពការធ្លាក់ភ្ញៀវចុះក៏ដោយ ក៏មានអ្នកវិនិយោគបានចូលមកបណ្តាក់ទុន ក្នុងវិស័យទេសចរនៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តមក៏បានសំណូមពរដល់គណៈប្រតិភូ ក្នុងការជួយ ជម្រុញអ្នកវិនិយោគ និង អ្នកទេសចរប្រទេសម៉ាឡេស៊ី ចូលមកធ្វើទេសចរនៅខេត្តសៀមរាប ក្រោមកិច្ចសហការគ្នារវាងខេត្តសៀមរាប និង ប្រទេសម៉ាឡេស៊ី ក្នុងការជម្រុញនូវសេវាកម្មទេសចរណ៍បានដំណើរការទៅដោយរលូន ក្នុងគោលដៅផលប្រយោជន៍នៃប្រទេសយើង ទាំងពីរទៅពេលអនាគត ៕