ទឹកជំនន់កំពុងវាយប្រហារស្រុកទឹកឈូ ខេត្តកំពត, នាយឧត្តមសេនីយ៍ នេត សាវឿន ចាត់ឲ្យស្នងការខេត្ត យកអំណោយចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារដែលកំពុងរងគ្រោះ


(កំពត)៖ ខណៈដែលទឹកជំនន់ កំពុងតែបន្ដវាយប្រហារស្រុកទឹកឈូ ខេត្តកំពតនោះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត យកអំណោយចែកជូនប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលកំពុងរងគ្រោះ។

ក្រោយទទួលបានការណែនាំនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ទៅចែកជូនប្រជាពលរដ្ឋ៣០០ គ្រួសារ នៅភូមិកំពង់គ្រែង ភូមិអណ្តងជីមុឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកការផ្ដាំផ្ញើសាកសួរទុក្ខ និងការចែករំលែកនូវក្ដីលំបាក ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្លាំងទាំងអស់ផងដែរ ដោយលោកបានក្រើនរំលឹកឲ្យថែរក្សាសុខភាព និងការហូបចុកឲ្យបានត្រឹមត្រូវ រក្សាអនាម័យល្អ ជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗ។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ភ្លៀងបានធ្លាក់ជាបន្ដបន្ទាប់ រហូតធ្វើឲ្យខេត្តមួយចំនួនរងការជន់លិច ពិសេសខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលបណ្ដាឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ៕