ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងសហគមន៍ចូលរួមអភិវឌ្ឍវិស័យអប់រំឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧


ខេត្តកែប ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងសហគមន៍ចូលរួមអភិវឌ្ឍវិស័យអប់រំឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ជាតំណាងអង្គការ UNICEFនិងប្រធានអង្គភាពពាក់ព័ន្ធជាច្រើនកុះករ ។
ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាលារៀនមិនអាចធ្វើការ អភិវឌ្ឍវិស័យអប់រំតែឯកឯងដោយគ្មានការចូលរួមពីកម្លាំងសហគមន៍ឬអាណាព្យាបាលសិស្សបានឡើយ ព្រោះកុមារស្ថិតក្នុងសាលារៀនតែមួយចំណែកតូចប៉ុណ្ណោះ រីឯមួយចំណែកធំទៀតពួកគេស្ថិតនៅជាមួយឪពុកម្ដាយ ឬអ្នកអាណាព្យាបាល ដូចនេះប្រសិនបើសហគមន៍ឬអ្នកអាណាព្យាបាលសិស្ស មិនបានជួយជ្រោមជ្រែងតម្រែតម្រង់នោះទេ ពួកគេមិនអាចអភិវឌ្ឍបុគ្គលិកលក្ខណ:ឱ្យបានពេញលេញនោះទេ ។