ជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួន


ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់គម្រោងសំខាន់ៗទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនរបស់កម្ពុជា រួមទាំងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ពិសេសកិច្ចប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតអំពីការបញ្ជូនអត្តពលិកកម្ពុជាចំនួន៥រូបទៅហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍ បង្កើនសមត្ថភាព និងត្រៀមលក្ខណៈចូល រួមការប្រកួតក្នុងព្រឹត្តការណ៍កីឡាអន្តរជាតិសំខាន់ៗ និងមន្ត្រីក្រសួងចំនួនបីរូបទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងនោះថ្នាក់អនុបណ្ឌិតពីររូប និងថ្នាក់បណ្ឌិតមួយរូប។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញឆន្ទ:របស់ខ្លួនផងដែរក្នុងការបន្ត និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន ដើម្បីជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យឈានឡើងមួយកម្រិតទៀត។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតនៅបន្តជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនជប៉ុនឱ្យមកវិនិយោគជប៉ុននៅកម្ពុជាឱ្យបានច្រើនថែមទៀត។