ក្រុមហ៊ុនចិនមួយ ចង់វិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ, ឯកឧត្តម គួច ចំរើន ស្វាគមន៍តែក្រុមហ៊ុនត្រូវមានផែនការ និងគម្រោងប្លង់គោលច្បាស់លាស់


(ព្រះសីហនុ)៖ ប្រធានក្រុមហ៊ុនចិន Yunnan បានចូលជួបពិភាក្សាជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្ត ព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រពន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័បរិស្ថាន ទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗ នូវប្រពន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។

ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន បានស្វាគមន៍គម្រោងវិនិ យោគប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រព័ន្ធលូទឹកភ្លៀង ប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយៈពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីឲ្យរដ្ឋបាលខេត្ត យកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត។

ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភណ្ឌភាពបរិស្ថានក្រុងទេសចរណ៍នាទិសនារតី៕