ប្រជាពលរដ្ឋស្រុកថ្មពួក សុំ​ក្រុមការងារអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយដោះស្រាយ​បញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានលឿន


បន្ទាយមានជ័យ ៖ វេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបានធ្វើឡើងនៅក្នុង ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានប្រជា ពល​រដ្ឋមូលដ្ឋានសុំឱ្យក្រុមការងារអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយដោះស្រាយបញ្ហា ដំណាំ ស្រូវ ដំឡូងមី ជួបភាពរាំងស្ងួតតម្លៃកសិផលពុំមានស្ថិរភាព សុំជួយជួសជុលផ្លូវដែលរងការ ខូចខាតនៅតាមមូលដ្ឋាន ស្តារជីកប្រឡាយទឹក ការតភ្ជាប់បណ្តាញអគ្គិសនីនៅភូមិមួយ ចំនួនដែលមិនទាន់ទៅដល់ និងមានបញ្ហាប្រឈមលើការអភិវឌ្ឍមូលដ្ឋានរបស់គាត់ មួយចំនួនទៀត ដែលតម្រូវឱ្យជួយដោះស្រាយជា​បន្ទាន់នោះ។

មានប្រសាសន៍នៅក្នុងវេទិកាសាធារណៈនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានលើកឡើងនោះ ធ្វើការដោះស្រាយជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ ហើយបញ្ហាដែលនៅសេសសល់ត្រូវបានស្នើសុំទៅ​ក្រុមការងារថ្នាក់ជាតិជួយដោះស្រាយ និងបញ្ហាមួយចំនួនទៀតត្រូវបានដាក់បញ្ចូលទៅក្នុង​គម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងទៀតថាគោលបំណងវេទិកាសាធារណៈនេះធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផ្សារភ្ជាប់គ្នាជាមួយថ្នាក់ដឹកនាំ​ មន្ត្រីរាជការជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសសុខទុក្ខបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយក្នុងន័យជាអ្នកបម្រើប្រជាពលរដ្ឋ ក៏ដូចជាការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យនេះ​​។

ឯកឧត្តមបានបញ្ជាក់ទៀតថា លទ្ធផលរំពឹងទុកនៃវេទិកាគឺ (មានគណនេយ្យភាពសង្គម)​គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ​ និងសហការជំរុញ​ លើកកម្ពស់គណនេយ្យភាពរបស់ក្រសួងស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ​ផ្តល់សេវាសាធារណៈ​ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕