ក្រសួងអប់រំ ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវជាមួយ​សាកលវិទ្យាល័យ Curtin នៃប្រទេសអូស្រ្តាលី


ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់កិច្ចសហ​ប្រតិបត្តិ​ការសិក្សានិងស្រាវជ្រាវជាមួយ សាកលវិទ្យាល័យ Curtinនៃប្រទេសអូស្រ្តាលី ដើម្បី​ឈ្វេង​យល់ពី​លទ្ធភាពនៃការអភិវឌ្ឍគម្រោងលើកកម្ពស់វិស័យអប់រំ បង្កើតឱកាសធ្វើការ ជា​មួយស្ថាប័នអប់រំ នៅកម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញឱ្យមានការផ្លាស់ប្តូរបុគ្គលិក និង​និស្សិតរវាងភាគីទាំងពីរ។ ការចុះហត្ថលេខានេះ ធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន​និងកីឡា​ និងលោក​បណ្ឌិតសាស្ត្រាចារ្យ សេធ ឃូនីន (Seth Kunin) សាកលវិទ្យាលធិការរងទទួលបន្ទប់ទំនាក់ ទំនង​ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ឃើធីន ព្រមទាំងវត្តមានរបស់លោកជំទាវ អាន់ ជេឡា ខូខូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាផងដែរ កាលពីព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺផ្ដោតលើលទ្ធភាពដែលសាកលវិទ្យាល័យ Curtin ផ្ដល់លើការបណ្ដុះបណ្ដាលកម្មវិធីសិក្សាមូលដ្ឋានតាមសាកលវិទ្យាល័យនានា នៅកម្ពុជា ដោយផ្ដល់ឱកាសឱ្យនិស្សិតផ្សារភ្ជាប់រវាងការសិក្សារបស់ពួកគេដែលបាន​ទទួលតាម​សាកល វិទ្យាល័យនៅប្រទេសកម្ពុជា និងការសិក្សានៅក្នុងប្រទេសដែលពួកគេជ្រើរើស ជាបិសេស ប្រទេសអូស្រ្តាលី និងសាកលវិទ្យាល័យ Curtin។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ដថា សាកល​វិទ្យាល័យ Curtin នៃប្រទេសអូស្រ្ដាលី នឹងសិក្សា លើលទ្ធភាពសហការជាមួយ​សកលវិទ្យា​ល័យភូមិន្នភ្នំពេញលើការអនុត្តកម្មវិធី២ឆ្នាំ+២ឆ្នាំ ដោយនិស្សិតសិក្សាកម្មវិធីសិក្សាមូលដ្ឋាន ហើយបន្ថែមមុខវិជ្ជាធុរកិច្ចនិងសិល្បៈសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មកនិស្សិតទាំងនោះ អាចផ្ទេរទៅសិក្សានៅសាខាណាមួយក្នុងចំណោមសាខាក្រៅប្រទេសទាំង៥របស់សាកលវិទ្យាល័យ Curtin ដើម្បីបំពេញ២ឆ្នាំបន្ថែមទៀត សម្រាប់ទទួលបានសញ្ញាបត្របរិញ្ញាបត្រ។

ជាមួយគ្នានេះដែរ ក្នុងកិច្ចសហប្រតិបត្តការនេះ គឺពិនិត្យលើសក្កសនុពលក្នុង​ការ​បង្កើត​ឱកាសដើម្បីបង្រៀនបុគ្គលិកតាមសាកលវិទ្យាល័យនៅកម្ពុជា ដោយឱ្យបុគ្គលិតទាំង​នោះអាចបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់តាមរយះការសិក្សា១ឆ្នាំនៅភ្នំពេញ និងបន្ថែមឆមាស (១ឆមាសបន្ថែមទៀតនៅភ្នំពេញ) ឬ១ឆ្នាំទៀតនៅ Perth ប្រទេសអូស្រ្តាលី។ ទន្ទឹមនេះ យោងតាមលក្ខន្តិកៈនៃអនុស្សរណៈ សាកលវិទ្យាល័យ Curtin និងអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជននិងកីឡាក៏បានយល់ព្រមសហការគ្នាលើកកម្ពស់កិច្ចសហបរតិបត្តិការ ផ្នែកសិក្សានិងស្រាវជ្រាវ និងឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងដើម្បី​លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា។ ការបង្កើតឱកាសធ្វើការជាមួយស្ថាប័នអប់រំនៅប្រទេសកម្ពុជា និង​សហការកម្មវិធីភាសាអង់គ្លេស កម្មវិធីសិក្សាមូលដ្ឋាន កម្មវិធីសិក្សាដែលបណ្ដុះបណ្ដាលនៅ​សាកល​វិទ្យាល័យពីរ(Articulation Programs)រួមនិងកម្មវិធីសិក្សាមួយចំនួនថែមទៀតនៅ​សាកលវិទ្យាល័យក្នុងប្រទេសអូស្រ្តាលីនោះ៕