ទូតជប៉ុនចប់អាណត្តិ៖ ជប៉ុននៅតែបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀត


ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រយៈពេល៣ឆ្នាំ លោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក HORINOUCHI ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកទទួលជួបជម្រាបលា ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

លោក HORINOUCHI បានបញ្ជាក់ថា ជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កម្ពុជាបន្ថែមទៀត។

លោកអគ្គរាជទូតបានរំលឹកថា ក្រសួងការងារបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖ ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និងទី២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីក្របខណ្ឌសម្រាប់ភាពជាដៃគូព័ត៌មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅនៃពលករជំនាញ ចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តម អ៉ិត សំហេង ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជា ឱ្យទទួលបានប្រាក់បៀរវត្សខ្ពស់ និងចំណេះជំនាញយ៉ាងល្អប្រសើរ ដែលបានរួមចំណែកជួយជំរុញជីវភាពរបស់ពួកគេឱ្យមានភាពរីកចម្រើនបានមួយកម្រិត។

ចំពោះកិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុនបានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជា។ ម្យ៉ាងទៀត ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេសជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុន រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានភាពយូរអង្វែង។

ឯកឧត្តម អ៉ិត សំហេង និងលោក HORINOUCHI បានឯកភាពគ្នាថានឹងអនុវត្តកិច្ចព្រមព្រៀង លើការបញ្ជូនកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅប្រទេសជប៉ុនឱ្យបានត្រឹមត្រូវ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ក្រោយពេលបណ្ដុះបណ្ដាលបំពាក់បំប៉ននៅក្នុងប្រទេសកម្ពុជារួចរាល់៕