កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប បានរៀបចំឡើងនៅខេត្តកែប


ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទ៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០១៩ នៅសាលាខេត្តកែប ដោយ​មានការអញ្ជើញចូលរួមដោយឯកឧត្តម កែន សត្ថា អភិបាល​ នៃគណៈអភិបាលខេត្តកែប លោក-លោកស្រី ប្រធានមន្ទី~អង្គភាព មន្ត្រីរាជការ សមត្ថ​កិច្ច ពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់បានចូលរួមផងដែរ។

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែបបានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែក​ជំរុញ​​ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ ផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់​នីតិ​កាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំង និងកែសម្រួលសមាសភាពមួយចំនួន របស់ក្រុមការងារថ្នាក់ជាតិដើម្បីចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្តកែប។

ក្នុងរបាយការណ៍របស់ក្រុមការងារ ដែលបានអានដោយឯកឧត្តម កែន សត្ថា អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប បានបង្ហាញ និងឆ្លុះបញ្ចាំងសកម្មភាព លទ្ធផលដែលក្រុមការងារអនុវត្តបានក្នុងឆមាសទី១ បញ្ហាប្រឈមក្នុងអំឡុងពេលអនុវត្តការងារកន្លងមក និងទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០១៩ នៅទូទាំងខេត្តកែប ។

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប បានលើកឡើង និងបញ្ជាក់ថា ក្រុម​ការងារ​ថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណ: ការអភិវឌ្ឍន៍មូលដ្ឋាន ដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារគ្រប់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់បើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីអនុវត្តន៍​គោល​នយោបាយ​ក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយជាតិ យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល និងបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពផងដែរ។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៍បានក្រើនរំលឹកដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ឲ្យបានកាន់តែរឹងមាំ ល្អប្រសើរ និងសូមឲ្យទាំងមន្ត្រីពាក់ព័ន្ធ រួមនឹងក្រុមការងារ​ ត្រូវបន្តខិតខំដោះស្រាយបញ្ហា កង្វល់ តម្រូវការ និងបម្រើសេវាសាធារណៈឲ្យកាន់តែល្អ លឿនទាន់ចិត្ត និងមានការស្រលាញ់ជឿទុក្ខចិត្តពីប្រជាពលរដ្ឋ។