យោងតាមលក្ខន្តិកៈនិងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជាក្នុងផ្នែកទី៦ វិធានទី៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤កថាខណ្ឌទី៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជានៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធសន្និបាតសាខា អាណត្តិទី៥ (២០១៩-២០២៥)នៅក្នុងបរិវេណសាលប្រជុំសាលាខេត្តកំពង់ធំ។
សន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៤ និងជាប្រធានអង្គសន្និបាតព្រមទាំងគណៈកិត្តិយសសមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាលក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៨២នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំង ឯកឧត្តម ឈុន ឈន់ ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន ៦៨រូប។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១-ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ របាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥(២០១៩-២០២៥)។
២-បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ ។
៣- ប្រកាសសេចក្ដីសម្រេចតែងតាំងប្រធាន អនុប្រធានកិត្តិយសសាខា ក្នុងឱកាសសន្និបាតសាខា បោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព១៥រូប ស្ត្រី១រូប។ ក្នុងនោះអង្គសន្និបាតអាណត្តិទី៥ បានបោះឆ្នោតជ្រើសរើស ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ លំ គន្ធារី និងលោក កើត រ័ត្ន ជាអនុប្រធានគណៈកម្មាធិការសាខា ឯក ឧត្តម គឹម លាងសេង ហិរញ្ញិកគណៈកម្មាធិការសាខា និង ឯកឧត្តម ជា វាន់ចាន់ ជាលេខាធិ ការគណៈកម្មាធិការសាខា។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៥ ឯក ឧត្តម សុខ លូ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន៖ – ភាពមនុស្សធម៌ – ភាពមិនលម្អៀង – អព្យាក្រឹតភាព - ឯករាជភាព - សេវាកម្មស្ម័គ្រចិត្ត – ឯកភាព និងសកលភាព។ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឱ្យទទួលបានជោគជ័យ។ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តន៍បានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤ រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធន ធានបង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។ យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សាជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។
លោកជំទាវ ពុំ ចន្ទីនី បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសមាសភាព គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មី និងបានឯកភាពចំពោះទិសដៅការងារ៦ឆ្នាំបន្តដែលអង្គសន្និបាតបានអុម័ត។លោកជំទាវ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពិតជាលើកកម្ពស់ស្មាតី និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសគណៈកិត្តិយសសាខាជាអ្នកផ្ដល់នូវកិត្តនាមដល់កាកបាទក្រហមកម្ពុជាអ្នកសម្របសម្រួលទ្រទ្រង់ និងកៀរគររកមូនិធិដើម្បីសាខា អនុសាខាមានលទ្ធភាពតាមតម្រូវការសម្រេចបាននូវសកម្មភាពមនុស្សធម៌ ៕