សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះ ជំហានទី២


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះ ជំហានទី២ ដែលពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារសិក្សាស្រាជ្រាវសាងសង់វិមាន រួមទាំងអង្គភាពពាក់ព័ន្ធ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

គួររំលឹកថា សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

នៅថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធសំណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ។

បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពការងារសាងសង់វិមានឈ្នះ ឈ្នះ បានឱ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០១៩ ក្រុមការងារបានទទួលដំណើរទស្សនកិច្ចប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណជនជាតិ និងអន្តរជាតិនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវចំនួនប្រហែល២លាននាក់ ក្នុងនោះអត្រាប្រជាជនចូលទស្សនាគិតជាមធ្យមក្នុងមួយថ្ងៃ៥០០នាក់ ទៅ១៥០០នាក់។ ដោយឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ចំនួនចូលទស្សនាកើនឡើងគួរឱ្យកត់សម្គាល់ ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ។

ចំពោះការស្ថាបនាវិមាននេះ មានគោលដៅសំខាន់ចំនួន៥ រួមមាន៖

ទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។

ទី៥៖ បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕