អភិបាលខេត្តកំពង់ចាម ដឹកនាំដាំកូនក្ងោកប្រមាណ ៣០០ដើម នៅតាមបណ្តោយផ្លូវ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម


ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំដាំកូនក្ងោកប្រមាណ ៣០០ដើម នៅតាមបណ្តោយផ្លូវ នៅចំណុចភូមិព្រែកដើមចាន់ និងភូមិព្រែកជីក ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ប្រជាពលរដ្ឋា ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ ដោយបានប្រមូលផ្ដុំគ្នា នៅបរិវេណសាលាសង្កាត់សំបួរមាស នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញ របស់មនុស្ស ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកលើកកម្ពស់ នូវសោភ័ណ្ឌភាពក្រុង តាមរយៈ ការចូលរួមពីគ្រប់សមាសភាព ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាពិសេស ក្មួយៗយុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែលយើងបានដាំនាថ្ងៃនេះ ក៏បានទុកជាទីម្លប់ សម្រាប់មនុស្សទូទៅ បានជម្រកកោន នៅពេលធ្វើដំណើរតាមដងផ្លូវ ផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ដើម្បី ចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម ឲ្យក្លាយទៅជាទីក្រុងស្អាត និងទទួលបាននូវជ័យលាភី ជាបន្តបន្ទាប់ទៀត សម្រាប់រក្សានូវកិត្តិយស ដល់ខេត្តកំពង់ចាម អាជ្ញាគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព ជុំវិញខេត្ត បានរៀបចំនូវផែនការអភិវឌ្ឍ និងទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមទាំងអស់គ្នា គឺ ៖

ទី១.ការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ តម្រូវឲ្យប្រជាពលរដ្ឋ ចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដូចជា ការធ្វើដំណើរ អំពើចោរកម្ម និងបទល្មើសគ្រឿងញៀន ជាដើម ។

ទី២.ការថែរក្សាអនាម័យ ដែលបញ្ហានេះ ស្នើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមសម្អាតផ្ទះសំបែង និងជួយសម្អាត តាមរមណីយដ្ឋាន ឬតាមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ ដើម្បី បរិស្ថានល្អ និងសុខភាព យើងទាំងអស់គ្នា ។

ទី៣.ការរៀបចំនូវសោភ័ណ្ឌភាពក្រុង គឺអាជ្ញាធរខេត្ត បាននឹងកំពុងខិតខំ រៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវនានា ក្នុងក្រុងកំពង់ចាម ដើម្បី រំដោះទឹកកខ្វក់ចេញពីទីក្រុង ជួយសម្រួល ដល់ការរស់នៅ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយផាសុខភាព ។ ដូច្នេះ អ្វីៗដែលសម្រេចបាននៅទីនេះ គឹអាស្រ័យ ដោយសារការចូលរួមសាមគ្គី និងការឯកភាពគ្នា ដើម្បី បានបង្កើតនូវសមិទ្ធផល បំរើផលប្រយោជន៍ជាសាធារណៈ និងបានបង្កើតជាស្នាដៃ ពីមួយជំនាន់ ទៅមួយជំនាន់ទៀត ទុកសម្រាប់កូនចៅជំនាន់ក្រោយៗបន្តទៀត ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម គូសបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងក្រុង មានសមិទ្ធផលជាច្រើន ត្រូវបានបង្កើតឡើងលើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ធ្វើឲ្យមានការចាប់អារម្មណ៍ ចូលរួមអបអរសាទរ គាំទ្រពីសំណាក់ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ដែលបានឆ្លងកាត់ ឬស្នាក់នៅក្នុងក្រុងកំពង់ចាម ។ ទន្ទឹមនឹងនោះ សមិទ្ធផលទាំងអស់នេះ បានរួមចំណែក ធ្វើឲ្យទីក្រុងកំពង់ចាម ទទួលបានចំណាត់ថ្នាក់ជាទីក្រុងស្អាត និងទទួលបាននូវជ័យលាភីផ្ការំដួល ៣ទង និងថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់បញ្ចូលក្រុងកំពង់ចាម ក្នុងចំណោមក្រុងទាំង ៦ ទូទាំងប្រទេស ដើម្បី ចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាតអាស៊ាន ផងដែរ ៕