ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបនាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ដឹកនាំដោយលោកស្រី Teresa Amador ក្នុងគោលបំណងសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្តល់ និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលជលផល ដើម្បីរួមគ្នាអភិវឌ្ឍន៍អនុវិស័យនេះ ជាក់ស្តែងតបតាមការអញ្ជើញរបស់រដ្ឋបាលជលផល ក្រុមការងារជំនាញផ្នែកច្បាប់របស់អង្គការ FAO បានមកជួយរៀបចំ កែសម្រួល និងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីជលផល ដែលច្បាប់នេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍ និងអភិរក្សអនុវិស័យនេះប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព សមស្របតាមកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ដើម្បីអភិវឌ្ឍន៍អនុវិស័យនេះឲ្យមានការរីកចម្រើនថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីមានក្តីសង្ឃឹម និងជឿជាក់ថាអង្គការ FAO និងដៃគូដ៏ទៃទៀត នឹងអាចជួយពិនិត្យ លទ្ធភាពក្នុងការផ្ដល់ការគាំទ្រគម្រោងបន្ថែមលើការវាយតម្លៃជាទូទៅមួយ លើវិស័យកសិកម្ម និងវិស័យនានាដែលជាប់ពាក់ព័ន្ធនឹងការគាំទ្រលើវិស័យកសិកម្ម ដែលបានធ្វើឲ្យកំណើនក្នុងវិស័យកសិកម្ម ជួបនឹងបញ្ហាប្រឈប និងមានកំណើនតិចទួច ក្នុងរយៈពេលនេះប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការនាំចេញផលិតផលកសិកម្មផងដែរ។
បន្ទាប់ពីបានស្តាប់នូវប្រសាសន៍លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលោក Alexandre Huynh និងលោកស្រី Teresa Amador បានឯកភាពទាំងស្រុង និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាសមិទ្ធផលនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក។ ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់នេះលោកស្រីបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យដំណើរការនៃការរៀបចំច្បាប់នេះប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ ហើយសង្ឃឹមថានឹងអាចបញ្ចប់នាបំណាច់ឆ្នាំ២០១៩ នេះ។ ដោយឡែកចំពោះការស្នើសុំការស្នើសុំគម្រោងធ្វើការវាយតម្លៃជាទូទៅមួយក្នុងវិស័យកសិកម្ម FAO ទទួលយកទៅពិនិត្យ និងពិភាក្សាជាមួយដៃគូដ៏ទៃទៀត ដើម្បីមានវិធាន និងចូលរួម ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ FAO ដែលតែងតែជួយឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការកសាងគោលនយោបាយ និងការអភិវឌ្ឍន៍វិស័យកសិកម្មកន្លងមក។