ក្រសួងកិច្ចការនារី ផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋក្រីក្រ ចំនួន ២០០គ្រួសារ ក្នុងក្រុងប៉ៃលិន


ប៉ៃលិន៖ ពលរដ្ឋក្រីក្រ មកពីសង្កាត់ទាំងបួន ក្នុងក្រុងប៉ៃលិន ចំនួន ២០០គ្រួសារ បានទទួល អំណោយ មនុស្សធម៌ ពីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន តែងតែគិតគូ ពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋណា ដែលក្រីក្រ មានជីវភាពខ្វះខាត ជាបន្តបន្ទាប់ និងមិនត្រូវ បណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយ មិនបាន ដឹង និងមិនបានដោះស្រាយនោះឡើង។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ ស្តែង នៅពេលនេះ អាជ្ញាធរខេត្ត ដោយមានការឧបត្ថម្ភរបស់ក្រសួងកិច្ចការនារី បាននាំយកអង្ករ មកចែក ជូន បងប្អូនភ្លាមៗ ទោះបីអំណោយជាអង្ករ ទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែ ក៍អាច ដោះស្រាយបានមួយរយះដែរ ដើម្បីផ្តល់ឱកាសបងប្អូន មានពេលវេលា បង្ករបង្កើនផល និងប្រកបមុខរបរ ចិញ្ចឹម ជីវិតបន្តទៀត។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ ទៅ មេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់ បងប្អូនឆាប់ រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយ ប្រជាជន គ្រប់កាលៈទេសៈ ។

បើតាមរបាយការន៍របស់លោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន មានប្រសាសន៍ឱ្យ ដឹងថា៖ អំណោយ ដែល ចែកជូនបងប្អួនប្រជាពលរដ្ឋ នាពេលនេះ បានមកពីការឧបត្ថម្ភ របស់ក្រសួងកិច្ចការ នារី ដែលដឹកនាំ ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ដោយក្នុងមួយ គ្រួសារៗ ទទួលបាន អង្ក ចំនួន ២០គឺឡូក្រាម។