សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ


នារសៀលថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ និងអាជ្ញាធរនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំនួនប្រមាណ៣០នាក់ ។
មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីសង្កាត់ និងប្រជាពលរដ្ឋ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាពិសេស បញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជន និងបញ្ហា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន ។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិ ហើយមុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖
– បន្តយកចិត្តទុក្ខដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងប្រកបដោយតម្លាភាព ហើយឆាប់រហ័ស។
– ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ កាត់បន្ថយបទល្មើស ភាពអសកម្មឲ្យនៅតិចបំផុត និងខិតខំដោះស្រាយទុក្ខលំបាកប្រជាជនឲ្យបានច្រើន
– ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ រឹងមាំ ៕