នីតិវិធីរំហូរឯកសារណាដែលនាំឱ្យរាំងស្ទះការងាររបស់ក្រសួងត្រូវកាត់បន្ថយឱ្យអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ


ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្រិតថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនស្ដីពីវិធីសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការរៀបចំកែសម្រួលនីតិវិធីនៃរំហូរឯកសារនានានៅទីស្ដីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានចាត់តាំងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកអោយដឹកនាំមន្ត្រីក្រោមឱវាទកែសម្រួលនីតិវិធីរំហូរឯកសារឱ្យបានកាន់តែលឿនជាងមុនតាមដែលអាចធ្វើទៅបាន ព្រមទាំងកាត់បន្ថយនីតិវិធីណាដែលមិនចាំបាច់ សំដៅជៀសវាងភាពយឺតយ៉ាវនៃរំហូរឯកសារ ព្រោះថាភាពយឺតយ៉ាវនៃការពិនិត្យឯកសារ បណ្ដាលឱ្យយឺតយ៉ាវដល់ការអនុវត្តគម្រោងប្រចាំឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើនៅអង្គភាពណាខ្វះធនធានមនុស្សត្រូវបន្ថែម ឬ/និងបណ្ដុះបណ្ដាលបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងាររបស់ក្រសួងស្របតាមការកែទម្រង់រដ្ឋបាល ចក្ខុវិស័យ និងគោលនយោបាយរបស់ខ្លួន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំក្រោមឱវាទដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារបម្រើជាតិមាតុភូមិឱ្យមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទាំងអស់បន្តការខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែប្រសើរថែមទៀត៕