ឯកឧត្តម ណុះ ស្លេះ និងឯកឧត្តម កែន សត្ថា បានដឹកនាំកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ នាសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩


ព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកែប និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ នាសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពគ្រប់មណ្ឌលប្រឡង ។
ក្នុងកិច្ចប្រជុំនេះបានដាក់ចេញនូវផែនការសំខាន់ៗ និងបានចាត់តាំងកំលាំងទទួលខុសត្រូវ គ្រប់ផ្នែក ទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ ការត្រៀមបង្ការសង្រ្គោះបន្ទាន់ ការរក្សាសុវត្ថិភាពវិញ្ញាសារ គណៈមេប្រយោគ បេក្ខជន និងការបង្ការសកម្មភាពមិនប្រក្រតីជាដើម។
ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំ ដល់កំលាំងដែលបានចាត់ចែងរួច បង្កើនស្មារតីយកចិត្តទុកដាក់ អនុវត្តតួនាទីរបស់ខ្លួនអោយបានម៉ត់ចត់ ដើម្បីអោយដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះទទួលបានជោគជ័យតាមការណែនាំរបស់ថ្នាក់ជាតិ។