លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុកកុមារកំព្រាក្នុងមណ្ឌលខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចើញចុះសួរសុខទុកកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី តំណាងរបស់ធនាគារ MGN Emperor Bank Plc. ផងដែរ ។ ពិធីនេះត្រូវបានរៀបចំ នៅ ព្រឹក ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩។

នាឱកាសនោះលោកជំទាវក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេច តែងតែនឹករលឹកដល់កុមារកំព្រា ដែលបាន នឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែ រក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅ ស្អាត ហូបស្អាត ត្រូវជៀសឲ្យផុតពី គ្រឿងញៀន និងត្រូវប្រឹងប្រែង និងខិតខំរៀន សូត្រ ។ រីឯចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវ បន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

លោកជំទាវក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល មី ១កេស ទឹកក្រូច ៦កំប៉ុង នំ ៤កញ្ចប់ ទឹកសុទ្ធ ៤ដប លោកគ្រូ អ្នកគ្រូ ចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល មី ១កេស នំ ៦ដុំ ។ ដោយឡែក សម្រាប់មជ្ឈមណ្ឌផ្ទ្ទាល់ក៏ទទួលបាន អង្ករ ២០បាវ ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ត្រីខ ២កេស ទឹកដោះគោ ២កេស ស្ករស ៥០គីឡូក្រាម និងថវិកា ចំនួន២ពាន់ដុល្លារ ដែលជាថវិការសប្បុរសជន នៃធនាគារ MGN Emperor Bank Plc ទុកសម្រាប់ផ្គត់ផ្គង់ អារហារ ប្រចាំថ្ងៃជូនដល់កុមការកំព្រាផងដែរ៕