សម្តេចភក្តី សាយ ឈុំ ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ ពន្សាំង


ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរសង្កាត់ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួនប្រមាណជាង៣០នាក់… ។
មានប្រសាសន៍សំណេះសំណាលជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ នាឱកាសនោះ សម្តេច បានជំរាបសួរពីសុខទុក្ខ និងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សួរអំពីស្ថានភាពនៃការបង្ករបង្កើនផល មុខរបរអាជីវកម្ម និងជាពិសេស អំពីការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរដល់បងប្អូន ព្រមទាំងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពីបញ្ហាប្រឈមដែលបងប្អូនបានជួបប្រទៈ នៅក្នុងមូលដ្ឋាន។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិនិងផ្តាំផ្ញើសូម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បញ្ហាផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនរើសអើងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ព្រមជាមួយនេះដែរសូមយកចិត្តទុកដាក់ដោះស្រាយបញ្ហា ការលំបាករបស់បងប្អូនឲ្យបានច្រើន និងទាន់ពេលវេលា។ ចំពោះបងប្អូនប្រជាជន សូមខិតខំប្រកបមុខរបរ និងការងារឲ្យបានល្អ ដើម្បីដោះស្រាយលើកកំពស់ជីវភាពប្រចាំថ្ងៃ ឲ្យកាន់តែប្រសើឡើងរួមចំណែក កាត់បន្ថយភាពក្រីក្រ និងចូលរួមឲ្យបានសកម្មក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានយើង រួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនថែមទៀត ហើយជាពិសេសគឺសូមយកចិត្តទុកដាក់ ថែទាំសុខភាពផ្ទាល់ខ្លួនម្នាក់ៗ និងសុខភាពក្នុងក្រុមគ្រួសារ ឲ្យបានល្អប្រសើ និងរឹងមាំ៕