កំណើនចំណូល ៦១,២៩% គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល


ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រីជំនាញ នាយកដ្ឋានពាក់ព័ន្ធ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិនិត្យមើលរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្ត និងការពិភាក្សាលើសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងស្ដីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងបញ្ហាផ្សេងៗ។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង បានបង្ហាញឱ្យឃើញថា ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល មានការកើនឡើង ៦១,២៩% គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨កន្លងទៅ។

ដោយឡែក ដោយមានការកែសម្រួលលើតម្លៃលេខមួយចំនួន និងផ្លល់ជូននូវការបញ្ចុះតម្លៃ ក្រសួងបានចេញនូវប្រកាសអន្តរក្រសួងថ្មីលេខ ៦៨៦ សហវ.ប្រក ស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលចំណូល មិនមែនសារពើពន្ធបង្កើនចំណូលរដ្ឋបន្ថែម និងដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានជំរុញឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ជជែកពិភាក្សាឱ្យបានលម្អិតនិងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងស្ដីពីការ លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អាចធានាបាននូវប្រសិទ្ធភាព និងរួមចំណែកដល់ការប្រមូលប្រាក់ចំណូលជាតិប្រកបដោយតម្លាភាព៕