រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចេញលិខិតរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ


នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការចេញលិខិតរដ្ឋបាល និង លិខិតអត្រានុកូលដ្ឋាន ឱ្យសហព័ទ្ធជាខ្មែរ កូន និង ជនបរទេស អន្តោប្រវេសន្ត ក្រោមអធិបតីភាព ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្ត និង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការចូលពីអ្នកពាក់ព័ន្ធទាំងអស់ប្រមាណជិត ៤០០នាក់នៅសាលាខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានថ្លែងថា កន្លងមកតែងមានបាតុភាពចេញពីប្រជាពលរដ្ឋមួយចំនួនតូចអំពីការផ្តល់អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារជូនពួកគាត់ ហើយប្រជាពលរដ្ឋមួយចំនួនទៀតមិនបានត្រៀមលក្ខណ:ធ្វើឯកសារទុកជាមុនទេ ទាល់តែគាត់ត្រូវការគឺគាត់ចាប់បង្ខំប្រញាប់ភ្លាមៗតាមចិត្តគាត់ចង់បាន នេះជាបញ្ហាដែលសមត្ថកិច្ចជំនាញជួបការលំបាក។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា រាល់ឯកសារសម្រាប់ជនបរទេសទាំងឡាយណាដែលត្រូវចូលសញ្ជាតិខ្មែរបាន លុះត្រាណាមានព្រះរាជក្រឹត្យមិនអាចធ្វើផ្តេសផ្តាសបាននោះទេ។ កន្លងមកបញ្ហាដែលបានបន្សល់ភាពស្មុគ្រស្មាញទុកដល់សព្វថ្ងៃ គឺអ្នកធ្វើឯកសារទាំងនោះផ្តើមចេញពីស្មៀនឃុំ និង មេឃុំនោះឯង។

ក្នុងឱកាសនោះដែរអភិបាលរងខេត្តបាត់ដំបង ឯកឧត្តម ហឿង សុគន្ធបានធ្វើការផ្តាំផ្ញើដល់កងកម្លាំង ដែលបានចូលរួមបើមានការមិនច្បាស់លាស់ត្រូវខិតខំស្តាប់សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនេះ ឱ្យបានច្បាស់លាស់ ដើម្បីយកទៅអនុវត្តន៍បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលរងខេត្តបានបញ្ជាក់ទៀតថាក្នុងនាមកងកម្លាំងសមត្ថកិច្ចត្រូវនាំគ្នាអនុវត្តន៍ច្បាប់ឱ្យបាន ម៉ឺងម៉ាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និង ល្បែងស៊ីសងនៅតាមមូលដ្ឋានដែលខ្លួន ទទួលខុសត្រូវឱ្យមានប្រសិទ្ធភាពខ្ពស់៕