ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង ជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យក្នុងតំបន់អនុវត្តគម្រោង ADB


នាថៃ្ងសៅរ៍ ៩រោច ដល់ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង ជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានធ្វើការចុះពិនិត្យក្នុងតំបន់អនុវត្តគម្រោង ADB 3289, ADB IAIP, BS និងADB MFF:

១. ប្រព័ន្ធធារាសាស្រ្តទំនប់អាងអូរត្រជាក់ចិត្ត។
២. ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ។
៣. សំណង់ស្ទាក់ទឹកសិរីមង្គល ស្ទាក់ទឹកស្ទឹងមង្គលបូរី ស្ទឹងសិរីសោភ័ណ្ឌ និងស្ទឹងស្វាយចេក។
៤. ស្ទឹងស្លាប់ប្រសព្វនឹងស្ទឹងតាំងក្រសាំង និងស្ទឹងជីនិត ត្រង់ភូមិសាស្រ្តខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមជាមួយ នឹងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាពេលខាងលើនោះមានតំណាងជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឈួន សំរិទ្ធ សមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមគូសបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំអនុវត្តផែនការការងារធ្វើកិច្ចអភិវឌ្ឍនវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងតំបន់ខាងលើរួមនឹងវិធានការយុទ្ធសាស្រ្តជាច្រើនទៀតគឺ សម្រាប់ធ្វើការបញ្ជៀសឲ្យបាននូវបណ្តាល ជំនន់និងគ្រោះរាំងស្ងួតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។

ឯកឧត្តម លឹម គានហោ ក៏នៅបានដឹកនាំដោយអស់ពីកម្លាំងកាយចិត្តធ្វើការអនុវត្តនៅយុទ្ធសាស្រ្ត Cascade នៅលើដងស្ទឹងសែនដែលជាស្ទឹងធំជាងគេក្នុងប្រទេសកម្ពុជា (២៩០០ ម៉ែត្រត្រីគុណក្នុង១វិនាទី) ដោយកំពុងធ្វើការសាងសង់ទំនប់ស្ទាក់ទឹករក្សាក្នុងខេត្តព្រះវិហារ សម្រាប់ប៉ែកខាងលើ បានសិក្សារួចហើយលើសំណង់ស្ទាក់ទឹកដងកំបិទក្នុងស្រុកសណ្តាន់ សម្រាប់ផ្នែកកណ្តាល និងចុងក្រោយបំផុត ដែលធំជាងគេបំផុត ក្នុងតំបន់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដឹកនាំផ្ទាល់ និងសកម្មធ្វើការសហការ នឹងADB ធ្វើការសិក្សាគម្រោងសាងសង់សំណង់ស្ទាក់ទឹកចុងក្រោយលើស្ទឹងសែនគឺទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងក្រុងស្ទឹងសែន ពេលសង់រួច សំណង់កំពង់គោជាឧបករណ៍ធ្វើឲ្យខេត្តកំពង់ធំ ធានាបាននៅសន្តិសុខទឹកលើគ្រប់វិស័យក្នុងផ្ទៃដី ២០០ ០០០ ហិកតា ជាពិសេសធ្វើឲ្យស្ទឹងស្លាប់ក្លាយជាស្ទឹងមានទឹកជាប្រចាំហើយបញ្ជូនទឹកមកឲ្យផ្នែក១ នៃខេត្តកំពង់ឆ្នាំង បាន បន្ថែមទៀតសម្រាប់ធានានិរន្តរភាពលើការបម្រេីឲ្យគ្រប់វិស័យ។

យោងតាមការខិតខំជាអតិបរិមាទាំងនេះ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានខិតខំធ្វើឲ្យមានសុវត្ថិភាពទឹកលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ទើប ឯកឧត្តម អនុរដ្ឋលេខាធិការ ចុះធ្វើការសិក្សាបន្ទាន់ដើម្បីរៀបចំគ្រោងប្លង់លម្អិតគម្រោង ADB MFF ហើយឈានទៅធ្វើការអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងខេត្តទាំង៣ ខាងលើ។