ឯកឧត្តរដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន ចូលជួបប្រជុំជាមួយគណ:កម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក


នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តរដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន ចូលជួបប្រជុំជាមួយគណ:កម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណ:កម្មការទី៣) នៅរដ្ឋសភា ដើម្បីរាយការណ៍ និងបំភ្លឺអំពីការងារគ្រប់គ្រងសំរាម ការការពារ និងអភិរក្សធនធានធម្មជាតិ។ គណ:កម្មការទី៣ បានថ្លែងការកោត សសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងាររបស់ក្រសួងបរិស្ថានលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ហើយទន្ទឹមនោះក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងបញ្ហាប្រឈមលើការងារគ្រប់គ្រងសំរាម សម្បទានដីសេដ្ឋកិច្ច និងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសសើរ និងវាយតម្លៃខ្ពស់លើរបៀបរបបការងារ និងកិច្ចសហការរវាងគណ:កម្មការទី៣នៃរដ្ឋសភា និងក្រសួងបរិស្ថាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនសង្គមជាតិ ជាពិសេសការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ហើយឯកឧត្តមសង្ឃឹមថា ស្មារតីសហការនេះ នឹងបន្តជួយជំរុញលើកទឹកចិត្តដល់ក្រសួងបរិស្ថានក្នងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំអំពីការផ្ទេរមុខងារ និងភារកិច្ចគ្រប់គ្រងសំរាម និងការធ្វើប្រតិភូកម្មការងារគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការបែងចែកភារកិច្ចគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងការងារអភិរក្សធនធានធម្មជាតិ (រវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ក៏ដូចជាការធ្វើកំណែទម្រង់ និងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារលើវិស័យនេះ។