កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់លើរបាយការណ៍លើកទី១ ស្តីពី៖វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា


ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់លើរបាយការណ៍លើកទី១ ស្តីអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការផ្ទៀងផ្ទាត់ទិន្នន័យដែលទទួលបានពីបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធនានាកន្លងមក ដែលក្នុងរួមមាន៖ វិស័យដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក កំពង់ផែ (PPAP និងPAS) ទិន្នន័យពីការស្ទង់មតិជាមួយសមាជិកសមាគមដឹកជញ្ជូន CAMFFA ទិន្នន័យវេទិកាសេដ្ឋកិច្ចពិភពលោក និងទិន្នន័យ LPI របស់ធនាគារពិភពលោក ក្នុងគោលបំណងបង្ហាញពីបច្ចុប្បន្នភាព នៃវិស័យភស្តុភារកម្មដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

របាយការណ៍នេះចាត់ទុកថាជាការផ្សព្វផ្សាយលើវិស័យភស្តុភារកម្ម និងជាទិន្នន័យដើមគ្រាសម្រាប់ប្រៀបធៀបមុន និងក្រោយពេលដែលផែនការមេត្រូវបានអនុម័ត។ នេះជាការចូលរួមចំណែកមួយក្នុងការសិក្សា កែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ៕