ឯកឧត្តមបណ្ឌិត អ៊ុក កោសា អញ្ជើញចូលរួមក្នុងពិធីប្រារព្ធរំលឹកខួបលើកទី៣៨ ថ្ងៃ៧មករា ១០៧៩ ថ្ងៃ៧មករា ២០១៧ នៅសាលាស្រុកឧដុង្គ


ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឧដុង្គ បានថ្លែងឲ្យដឹងថា «​អតីត​កាល​​​​​ដ៏​​ជូរចត់​​​ តើ​កាលពីមុន​នៅក្នុង​ពេលនេះ ​​ប្រជាជនស្រុកឧដុង្គ ​ក៏ដូចនៅក្នុង​ខេត្តកំពង់ស្ពឺ ឬ​​ក្នុង​ខេត្ត​​​ដទៃទៀត​​ក្តី​​ ​មាន​ស្ថានភាព​បែប​ណា​​កាល​ពី​រយៈ​ពេល​៣៥ឆ្នាំ​មុន។ ពិត​ណាស់ ​​នៅ​ថ្ងៃ​ទី៧​​ មករា ​ឆ្នាំ​១៩៧៩ ​​​មាន​តំបន់​មួយចំនួន​ប្រជាជន​​​បាន​រំដោះ ​​ប៉ុន្តែ​ក៏មាន​ប្រជាជន​មួយចំនួន​​ទៀត​​កំពុង​​ទទួល​រង​នូវការ​លំបាក​​ និង​​សង្គ្រាម ជាក់ស្តែងខេត្តកំពង់ស្ពឺយើងគឺសមភូមិចុងក្រោយផងដែរ»។​​​

ឯកឧត្តមបណ្ឌិត អ៊ុក កោសាបានបន្ថែមឲ្យដឹងថា «ការរំលឹក​ឡើង​វិញ​នេះ​​បានបង្ហាញ​ឱ្យ​យើង​ឃើញ​ថា ស្រមោល​​អតីត​កាល​ដ៏ជូរ​ចត់​មួយ​នេះ​បាន​បំផ្លិចបំផ្លាញ​​ប្រជាពលរដ្ឋ​​​របស់យើង​ឱ្យ​ព្រាត់​ប្រាសនិរាស​រហូត​​មក​ដល់សព្វ​ថ្ងៃ​នេះ មិន​មាន​ក្រុមគ្រួសារ​​​ណាមួយដែល​មិនបាន​បាត់​បង់​​​សមាជិកគ្រួសារ​ខ្លួននោះទេ។ ការ​និយាយ​​អំពី​​​គុណ​​បំណាច់​​៧មករានេះ​ គឺ​មិន​មែន​មានន័យ​​​សំដៅ​​​​ឱ្យ​យើង​​​គោរព​​គណបក្ស​​ប្រជាជន​តែឯង​​នោះទេ ​​ហើយឱ្យ​យើង​គោរពនិង​ដឹង​គុណ​ចំពោះ​​​​រណសិរ្ស​​​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​​​​អ្វី​ដែលយើងមានបំណង​​និយាយគឺ​​​៧​មករា​ ​​​ជា​របស់​រួម​ ជា​របស់​ជាតិទាំងមូល​ មិនបាន​ចាត់​ទុក​​អ្នក​ណា​​​ជាសត្រូវ​​​ក្រៅតែពី​របប​​ប្រល័យ​ពូជ​សាសន៍​​​ប៉ុលពតនោះឡើយ»។ ​​

ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានលើកឡើងបែបនេះ ខណៈឯកឧត្តម បានចូលរួមនៅក្នុងពិធីប្រារព្ធរំលឹកខួបលើកទី៣៨(ថ្ងៃ៧មករា ១០៧៩ ថ្ងៃ៧មករា ២០១៧) នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០១៧ នៅសាលាស្រុកឧដុង្គ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក នួន ផារត្ន័ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមទាំងមន្ត្រីរាជការ ក្រុមការងារបក្សប្រជាជនប្រមាណ ៧០០នាក់។

នៅក្នុងឱកាសនោះ លោក នួន ផារត្ន័ បានលើកឡើងថា «៧មករា ​​១៩៧៩ ​គឺជា​របស់​រួម គឺជាបុណ្យជាតិ ទាំងមូលហើយ ៧​មករា​ មិនបាន​ចាត់ទុក​អ្នក​ណា​ជា​សត្រូវ​​​ក្រៅ​តែពីរបបប្រល័យ​ពូជសាសន៍​​ប៉ុល ពត ​នោះ​ឡើយ»។ ​

លោក នួន ផារត្ន័ បានបន្តថា ​ក្នុង​ខួប​លើក​ទី៣៨ ទិវាជ័យជំនះ​៧​មករា ​​ជាថ្ងៃរំដោះជាតិ រំដោះម្តាយ ឪពុក បងប្អូនយើងដែល យើងជាកូន ចៅត្រូវទទួលស្គាល់គុណ ទាំងទ្វេរដែល មិនអាចបំភ្លេចបាននោះឡើយ ។