អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ស្រុកថ្មីដែលបង្កើតរួចរាល់ហើយនោះ នឹងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មើលឃើញពីរចនាបទខ្មែរ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានថ្លែងថា ស្រុកថ្មីដែលបង្កើតរួចរាល់ហើយនោះ នឹងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មើលឃើញពីរចនាបទខ្មែរ ដែលមានតំបន់រដ្ឋបាលប្រមូលផ្តុំ និងទីប្រជុំជនស្រុក មានផ្លូវថ្នល់ បណ្តាញភ្លើង ទឹកស្អាន ពហុកីឡាដ្ឋាន ព្រះស្រែ វាលប្រណាំងគោក្របី កន្លែងទេសចរណ៍ និងកន្លែងអ៊ុំទូកជាដើម។ល។…ការអភិវឌ្ឍតំបន់នេះ ក៏មិនត្រូវធ្វើនៅលើគំនរទឹកភ្នែកពុកម៉ែនោះដែរ គឺដើម្បីបំពេញតម្រូវការចាំបាច់ ទៅលើជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើងទៅថ្ងៃខាងមុខ។

ឯកឧត្តមបានថ្លែងបែបនេះ នៅលើសាលាឆាន់ វត្តបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្នុងឱកាសចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងព្រះពន្លៃ (បឹងព្រះពន្លាជ័យ) ចំនួន១៩៧គ្រួសារ ប្រកបដោយភាពជោគជ័យ និងទទួលយកទាំងអស់គ្នា ដោយបានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកឧត្តម ម៉ៅ ធនិន បានផ្តល់វត្ថុកំដរដៃ ជូនដល់បងប្អូនជាស្ត្រី ក្នុងម្នាក់ៗទទួលបានសារុង១ និងបានឧបត្ថម្ភអង្ករចំនួន២០០គីឡូក្រាម ដល់វត្តបឹងព្រះពន្លាជ័យ ព្រមទាំងបន្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រម និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវអភិវឌ្ឍន៍ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕