កងទ័ពកម្ពុជា-ឡាវ ត្រៀមដកកម្លាំងចេញពីតំបន់មុំបី ក្រោយជួបចរចាគ្នា និងមានបញ្ជាពីថ្នាក់ដឹកនាំកំពូល


(ព្រះវិហារ)៖ កងទ័ពកម្ពុជា-ឡាវ កំពុងត្រៀមលក្ខណៈដើម្បីដកកម្លាំងរៀងៗខ្លួនចេញពីតំបន់មុំបី ព្រំប្រទល់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីមានការជួបចរចាគ្នា និងមានបញ្ជាពីថ្នាក់ដឹកនាំកំពូល។ នេះបើតាមឧត្តមសេនីយ៍មួយរូប ដែលឈរជើងនៅតំបន់នោះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នាព្រឹកថ្ងៃនេះ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ កងកម្លាំងកម្ពុជាចំនួន៥នាក់ និងកងកម្លាំងឡាវ៥នាក់ បានចុះពិនិត្យការកែសម្រួលកងកម្លាំង ដែលឈរជើងនៅតំបន់មុំបីនេះ ដើម្បីឈានទៅដល់ការដកកងកម្លាំងរៀងៗខ្លួន តាមបទបញ្ជារបស់មេដឹកនាំកំពូលប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ជាប្រធានគណៈប្រតិភូភាគីកម្ពុជា ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានដឹកនាំកម្លាំងភាគីកម្ពុជា បានចុះជួបចរចា ជាមួយភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុកៃ ភិមមៈសាន មេបញ្ជាការយោធាចាំប៉ាសាក់ នៃកងទ័ពប្រជាជនប្រទេសឡាវ ជាប្រធានគណៈប្រតិភូភាគីឡាវ។

ជំនួបនេះធ្វើឡើងនៅទីតាំងកងអនុសេនាធំទី១ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ របស់កងពលតូចអន្តរាគមន៍លេខ៩ ចំការចេក តំបន់មុំបី ព្រំដែនកម្ពុជា-ឡាវ។

ជំនួបចរចានេះប្រគល់តួនាទី និងភារកិច្ចមួយចំនួនជូនក្រុមសង្កេតការណ៍ ត្រួតពិនិត្យនូវការដកកម្លាំងយោធាពីភាគីម្ខាងៗចំនួន៥នាក់ដូចគ្នា ដើម្បីអនុវត្តការនូវការដកកម្លាំងយោធទាំងពីរភាគីចេញឱ្យអស់ ជាស្ថាពរពីចំណុចកើតហេតុកន្លងមក។

នារសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីកិច្ចជំនួបចរចាត្រូវបានបញ្ចប់ ភាគីកម្ពុជា និងភាគីឡាវ បានជួបជុំពិសារអាហារសាមគ្គីពេលល្ងាចរួមគ្នារវាងភាគីប្រទេសទាំងពីរ ដើម្បីបង្ហាញអំពីទំនាក់ទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អ មានប្រពៃណីល្អជាបងប្អូនរវាងប្រទេសទាំងពីរ ចៀសវាងការផ្ទុះអាវុធ បង្ករសង្គ្រាមនិងគ្នាជាយថាហេតុ។

បើតាមប្រសាសន៍របស់ មេបញ្ជាការកងទ័ពឡាវនៅតំបន់នេះ ប្រាប់ដល់កងទ័ពកម្ពុជា គឺភាគីឡាវមិនមានបំណងណាមួយ ចង់មានជម្លោះជាមួយកម្ពុជាឡើយ ហើយតំបន់នេះក៏មិនមានភាពតានតឹងនោះដែរ ដោយកងទ័ពប្រទេសពីរនៅតំបន់នេះ បានជួបទទួលទានអាហាររួមគ្នាជាញឹកញាប់កន្លងមក៕