គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុង លើសេចក្តីព្រាង «កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២»


បន្ទាប់ពីបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីសំណង់ហើយនោះ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានអនុម័តទាំងស្រុងទៀតលើសេចក្តីព្រាង «កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២»។ នេះបើតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល ២០២០-២០២២ គឺធ្វើការបង្ហាញពីទិន្នន័យគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣។

កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ត្រូវបានរៀបចំឡើងដោយគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់សែ្តងពីរសំខាន់ៗពោលគឺ ទី១៖ ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង ទី២៖ តម្រូវការចំណាយសរុប សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ប្រមាណ ២១៣០០លានដុល្លារអាមេរិក)។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ ត្រូវបានរៀបចំឡើង ដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

ក្នុងដំណើរការនៃការនៃការរៀបចំ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២ ក្រសួងផែនការ បានអនុវត្តទៅតាមជំហាននីមួយៗដូចធ្លាប់បានអនុវត្តកន្លងមកហើយ ជាពិសេសឆ្នាំនេះក្រសួងផែនការ បានបង្កលក្ខណៈកាន់តែងាយស្រួលជូនដល់ក្រសួង ស្ថាប័នក្នុងការបំពេញ ឬស្នើសុំគម្រោងតាមប្រព័ន្ធអនឡាញ ហើយសេចក្តីព្រាងនានេះ ត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលតាមរយៈកិច្ចប្រជុំដូចតទៅ៖

១៖ សេចក្តីព្រាងលើកដំបូងបំផុតបានសហការពិនិត្យពិភាក្សាកែសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩
២៖ កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងកាលពី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
៣៖ កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងនេះ នៅទីស្តីការគណៈរដ្ឋមន្រី្ត កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ។

ជាសរុបបរិមាណទុនតាមឆ្នាំរបស់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមមាន៖ ឆ្នាំ២០២០ ចំនួន ៤,៥៥៦ លានដុល្លារអាមេរិក ឆ្នាំ២០២១ ចំនួន ៥,១០៤ ដុល្លារអាមេរិក និងឆ្នាំ២០២២ ចំនួន ៤,៨២៧ លានដុល្លារអាមេរិក។ បរិមាណទុនសរុប ១៤,៤៨៧ លានដុល្លារនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២០-២០២២ រួមបញ្ចូលនូវបរិមាទុន ដែលបានសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍរួចហើយ មានចំនួន ៨ ៥៩៧ លានដុល្លារអាមេរិក (ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥២៩,៨ លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍ ចំនួន ៨ ០៦៧,៥ លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន ៥ ៨៨៩.៧ លានដុលា្លរអាមេរិក៕