(កំពង់ចាម)៖ ក្រុមសប្បុរសជន ជាអតីត:សិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានរួមគ្នាសាងសង់អាគារសិក្សា១ខ្នង ២ជាន់មាន មាន១២បន្ទប់ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ថ្លែងក្នុងពេលចូលរួមបញ្ចុះបឋមសិលា សាងសង់អគារសិក្សាមួយខ្នង នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០១៩នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ទង្វើដែលសប្បុរសជន ជាអតីត:សិស្សនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានធ្វើនៅពេលនេះ គឺជាគំរូដ៏ល្អប្រសើរសម្រាប់ប្អូនៗជំនាន់ក្រោយ។ ជាងនឹងទៅទៀត ការចូលរួមអភិវឌ្ឍន៍ សមិទ្ធផលជាអគារ សិក្សា១ខ្នងកម្ពស់ ២ជាន់ មាន១២បន្ទប់ ទុកសម្រាប់ឱ្យប្អូនបានសិក្សារៀនសូត្រ ពិតជាសមិទ្ធផលដ៏ថ្លៃថ្លា ដែលជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានអំពាវនាវដល់ សប្បុរសជនយើងនាពេលកន្លងមក។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា ជំនាន់អតីត សិស្សព្រៃទទឹងសិក្សានៅសាលានេះ ពិតជាមានការលំបាកណាស់ ដោយហេតុថា កាលនោះប្រទេសយើងមិនទាន់មានសុខសន្តិភាព ពោលគឺពេល ខ្លះពួកគាត់កំពុងតែអង្គុយរៀន ស្រាប់តែឪពុក ម្ដាយ មកហៅទៅផ្ទះ ព្រោះខ្លាច ក្រុមខ្មែរក្រហម ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែខិតខំសិក្សារៀនសូត្ររហូតបានចំណេះដឹងចេញធ្វើការងារគ្រប់ៗ គ្នា ។
ឯកឧត្តមបន្តថា ជាក់ស្ដែងនៅពេលនេះ បន្ទាប់ពីពួកគាត់បានទទួលដំណឹងអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពួកគាត់ក៏បានរួមគ្នា ប្រមូលថវិកាដើម្បីសាងសង់អាគារសិក្សានេះ សម្រាប់ទុកជូនប្អូនបានសិក្សារៀនសូត្រ។ ដូច្នេះ សម្រាប់ប្អូនៗដែលកំពុងសិក្សាពេលបច្ចុប្បន្ន ពិតជាមានសំណាង គ្មានការរំខានដោយសង្គ្រាមនោះទេ ព្រោះប្រទេសជាតិរបស់យើង កំពុងមានសុខសន្តិភាព ជាអំណោយផលល្អសម្រាប់ប្អូនៗ សិក្សាយកចំណេះដឹង ដើម្បីទទួលបានជោគជ័យនាថ្ងៃអនាគត នឹងធ្វើតាមគំរូដ៏ល្អរបស់រៀមច្បងយើង ។
អភិបាលរងក្រុងភ្នំពេញ ឯកឧត្តម កើត ឆែ បានថ្លែងឱ្យដឹងដែរថា ឯកឧត្តមក៏ជាអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងនេះដែរ ការរួមគ្នាដើម្បីសាងសង់អគារសិក្សាមួយខ្នងខាងលើនេះ ក្រៅពីអតីតសិស្សនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ក៏នៅមានសប្បុរសជនជាច្រើនទៀត ដែលបានចូលរួមនៅក្នុងការកសាងអគារសិក្សានេះផងដែរ។ ឯកឧត្តមបន្តថា អគារសិក្សាមួយខ្នងកម្ពស់ ២ ជាន់មាន ១២ បន្ទប់នេះគឺជាសមិទ្ធផលទី២ បន្ទាប់ពីសមិទ្ធផលបណ្ណាល័យគុណគ្រូ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីខែមីនាឆ្នាំ ២០១៩កន្លងទៅនេះ ។
ឯកឧត្តម កើត ឆែ បានបញ្ជាក់ថា ក្រុមសប្បុរសជន ដែលមានឱកាសរួមគ្នាកសាងអគារសិក្សាមួយខ្នងនេះ ស្ថិតចំពេលដែលប្រទេសជាតិ យើងកំពុងមានសុខសន្តិភាពបរិបូណ៌ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ ដោយបានបង្រួបបង្រួមជាតិ និងខិតខំកសាងប្រទេស ចាប់តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានធ្វើឲ្យប្រទេសនានា និងសហគមន៍អន្តរជាតិ បានកោតសរសើរចំពោះការដឹក នាំដ៏ប៉ិនប្រសប់ របស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ។
ឈរលើមូលដ្ឋាននេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុងក្រោយនេះ ហើយក៏បានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លឿនបំផុតក្នុងពិភពលោក ព្រមទាំង បានឆ្លងកាត់ពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕